ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២៥ ឱកាសការងារនៅក្នុងភូមិសាស្រ្ដរាជធានី ខេត្ដទូទាំងប្រទេសកម្ពុជា ចំនួន ៧៥,៣០២ កន្លែង កំពុងរងចាំបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលត្រឡប់ពីប្រទេសថៃ មកដាក់ពាក្យធ្វើការ។

បើយោងតាមការឱ្យដឹងពីក្រសួងការងារ ឱកាសការងារទូទាំងរាជធានី-ខេត្ត ទាំង២៥ មានដូចជា៖ រាជធានីភ្នំពេញ ចំនួន ២៣,៥៩៨កន្លែង, ខេត្ដកំពង់ស្ពឺ ចំនួន ១៧,៧៣៦ កន្លែង, ខេត្ដកណ្ដាល ចំនួន ៩,៣២៦ កន្លែង, ខេត្ដតាកែវ ចំនួន ៥,៧០៥កន្លែង, ខេត្ដកំពង់ឆ្នាំង ចំនួន ៥,១០០កន្លែង, ខេត្ដស្វាយរៀង ចំនួន ៣,៩១៧កន្លែង, ខេត្ដព្រះសីហនុ ចំនួន ២, ៩២៧កន្លែង។
ខេត្ដរតនគិរី ចំនួន ២,០៥០កន្លែង, ខេត្ដកោះកុង ចំនួន ៦៦២កន្លែង, ខេត្ដក្រចេះ ចំនួន ៦២៣កន្លែង, ខេត្ដកំពង់ចាម ចំនួន ៥៦០កន្លែង, ខេត្ដស្ទឹងត្រែង ចំនួន ៥៤៥កន្លែង, ខេត្ដបាត់ដំបង ចំនួន ៤៧០កន្លែង, ខេត្ដត្បូងឃ្មុំ ចំនួន ៤៤៨ កន្លែង, ខេត្ដសៀមរាប ចំនួន ២៣២កន្លែង, ខេត្ដបន្ទាយមានជ័យ ចំនួន ២២១កន្លែង។
ខេត្ដមណ្ឌលគិរី ចំនួន ២០១កន្លែង, ខេត្ដកំពង់ធំ ចំនួន ១៨១កន្លែង, ខេត្ដព្រះវិហារ ចំនួន ១៧១កន្លែង, ខេត្ដកំពត ចំនួន ២៣,៥៩៨កន្លែង, ខេត្ដព្រៃវែង ចំនួន ១៤២កន្លែង, ខេត្ដពោធិ៍សាត់ ចំនួន ១២៩កន្លែង, ខេត្ដប៉ៃលិន ចំនួន ១០៨កន្លែង, ខេត្ដឧត្ដរមានជ័យ ចំនួន ៨០កន្លែង និងខេត្ដកែប ចំនួន ៥កន្លែង។
សូមជម្រាបជូនថា កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បាននិងកំពុងបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន ក្នុងការសម្របសម្រួលរកការងារជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ ដោយគិតមកត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ សរុបប្រមាណ ៤៦ម៉ឺនកន្លែង និងមានអ្នកទទួលបានការងារសរុបប្រមាណ ២៧ម៉ឺននាក់៕

