IMF ព្រមានផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជានឹងមានសារជាថ្មី

សង្គម​និង​សេដ្ឋកិច្ច

របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ចេញផ្សាយកាលពីថ្ងៃទី១៨ ខែធ្នូកន្លងទៅថ្មីៗនេះ​បានវាយតម្លៃថា អតិផរណារបស់កម្ពុជានឹងរឹតតែកើនឡើងក្នុងឆ្នាំ២០២២នេះ ប៉ុន្តែវាអាចនឹងធ្លាក់ចុះមកវិញបន្តិចនៅឆ្នាំ២០២៣ខាងមុខ។ ប៉ុន្តែសម្រាប់ឆ្នាំនេះ អតិផរណាក្នុងប្រទេសកម្ពុជាកំពុងស្ថិតក្នុងរង្វង់៧.៨% និងបន្តកើនឡើងជាលំដាប់នៅត្រឹមចុងឆ្នាំនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម IMF ផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជានឹងមានសារជាថ្មី ប្រសិនបើបំណុលឯកជន និងលក្ខខណ្ឌនៃសេដ្ឋកិច្ចរបស់បណ្តាប្រទេសធំៗបន្តមានភាពមិនប្រាកដប្រជា និងមិនច្បាស់លាស់ ដូចជាផលប៉ះពាល់ពីឥទ្ធិពលនៃសេដ្ឋកិច្ចចិន និងការថមថយនៃតម្រូវការបញ្ជាទិញទំនិញពីសហភាពអឺរ៉ុប។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងដល់ ៦,៦% នៅឆ្នាំ២០២៣ ក្រោយររំពឹងសម្រេចបានកំណើនជាង ៥% នៅឆ្នាំ២០២២។ ការកើនឡើងនេះត្រូវបានរំពឹងជំរុញដោយវិស័យសំខាន់ៗមួយចំនួនរួមមានឧស្សាហកម្ម កសិកម្ម សេវាកម្ម និងវិស័យអចលនទ្រព្យជាដើម។

បើតាមសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានអត្រាកំណើនក្នុងរង្វង់៦,៦% នៅឆ្នាំ២០២៣ ក្រោយរំពឹងសម្រេចបានអត្រាកំណើន៥,៤% នៅឆ្នាំ២០២២។ ក្រសួងសេដ្ឋកិច្ចបានវាយតម្លៃថា បើទោះបីទទួលរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនយ៉ាងណាក្តី តែសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ នៅតែបង្ហាញនិន្នាការកើនឡើង ក្រោយតម្រូវការខាងក្រៅបន្តមានភាពល្អប្រសើរ និងស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបានវិលត្រឡប់មក​រកប្រក្រតីភាពវិញ បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងមកនេះ។

ជាមួយនឹងការព្យាករសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ នឹងមានអត្រាកំណើនក្នុងរង្វង់៦,៦% វានឹងជួយជំរុញឲ្យតម្លៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមានតម្លៃក្នុងរង្វង់ប្រមាណជិត ៣៣ពាន់លានដុល្លារអាមេរិក ស្របពេលដែល ផ.ផ.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់១៩២៤ដុល្លារអាមេរិក បើធៀបនឹង១៧៨៥ដុល្លារអាមេរិកក្នុងឆ្នាំ២០២២។

យ៉ាងណាក៏ដោយ ក្រុមអភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានស្នើឱ្យកម្ពុជា ដាក់ចេញនូវគោលនយោបាយហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រដល់ពលរដ្ឋងាយរងគ្រោះ និងចាត់វិធានការដោះស្រាយហានិភ័យផ្នែកហិរញ្ញវត្ថុ និងកត្តាងាយរងគ្រោះដោយសារតែអំពើពុករលួយ។ ហើយIMF ចង់ឃើញរដ្ឋាភិបាលអនុវត្តនូវច្បាប់ស្តីពីការក្ស័យធន់ ការកែសម្រួលឡើងវិញនៃកម្ចីធនាគារ និងក្របខណ្ឌគាំពារប្រាក់បញ្ញើធនាគារ។

យោងតាមការសិក្សារបស់វិទ្យាស្ថានសម្រាប់ការអភិវឌ្ឍ និងសន្តិភាព (INEF) បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជា ចំនួន ១៦០, ០០០នាក់ បានលក់ដីដោយបង្ខំ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដើម្បីសងបំណុល៕