ផ្លែមៀនកម្ពុជាដើមឆ្នាំនេះមានតម្លៃខ្ពស់ជាងដើមឆ្នាំមុន

សង្គម​និង​សេដ្ឋកិច្ច

ដើមឆ្នាំ២០២៤នេះ តម្លៃផ្លែមៀនកម្ពុជាមានតម្លៃខ្ពស់ជាងដើមឆ្នាំ២០២៣ ដោយឆ្នាំ២០២៣មានតម្លៃតែ៣ ៣០០រៀល ទៅ៣ ៦០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម តែសម្រាប់ឆ្នាំនេះមានតម្លៃ៤ ០០០រៀល ទៅ ៤ ៥០០រៀល សម្រាប់កសិករមានកុងត្រា។នេះបើតាម លោក ផត សុផាន់បុរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ផត សុផាន់បុរី សមាជិកក្រុមប្រឹក្សាភិបាលមៀនកម្ពុជា និងជាប្រធានក្រុមហ៊ុន ពេជ្រចិន្តា ហ្វ្រូដ បានឱ្យដឹងថា ទីផ្សារផ្លែមៀនឃើញថាមានស្ថេរភាពល្អតាំងពីដើមឆ្នាំ២០២៣ ហើយចុងឆ្នាំ២០២៣ ក៏ឃើញថាមានកំណើនគួរឱ្យកត់សម្គាល់ផងដែរ ដោយទី១ ចម្ការធ្លាប់បង់ចោលគឺកសិករបានផលិតឡើងវិញ, ទី២ បើធៀបនិងការផលិតដូចគ្នាក្នុងចុងឆ្នាំ២០២២ ឃើញថាចុងឆ្នាំ២០២៣មានកំណើនផលិតលើស៥០%នៃចុងឆ្នាំមុន និងទី៣ សម្រាប់តម្លៃចុងឆ្នាំ២០២៣មានតម្លៃខ្ពស់ជាងឆ្នាំ២០២២។

ដោយឡែកសម្រាប់២០២៤នេះវិញ តម្លៃរឹតតែល្អសម្រាប់ចម្ការដែលមានស្ថង់ដារ ការអនុវត្តន៍កសិកម្មល្អដែលហៅកាត់ថា(Gap)។នៅដើមឆ្នាំ២០២៤នេះ សម្រាប់កសិករកុងត្រាតម្លៃផ្លែមៀនមានតម្លៃ៤ ០០០រៀល ទៅ ៤៥០០រៀល បើធៀបដើមឆ្នាំ២០២៣ មានតម្លៃតែ៣ ៣០០រៀល ទៅ៣ ៦០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។

លោកបន្តថា សម្រាប់ទីផ្សារក្នុងស្រុកមិនមានសន្ទុះការកើនឡើងទេ ក៏ប៉ុន្តែមានការគាំទ្រលើផលិតផលកែច្នៃច្រើនលើមៀនសម្ងួតផ្គត់ផ្គង់ទៅផ្សារ ដើម្បីចែកចាយតាមទីប្រជុំជន តាមផ្សារធំៗជាដើម។លើសពីនេះ ក៏មានភ្ញៀវជាជនបរទេសបានសម្រុកដើម្បីមកចរចារក្នុងការនាំចេញទៅប្រទេសរៀងៗខ្លួនបន្ថែមទៀត ដូចជានៅអារ៉ាប់ ឥណ្ឌា ឥណ្ឌូនេស៊ី ឬវៀតណាមជាដើម តែសម្រាប់ប្រទេសថៃគឺជាសម្បុកមៀនស្រាប់ហើយ មិនមានការបញ្ជាទិញនោះទេ។

បើតាមលោក ផត សុផាន់បុរី ចំពោះទីផ្សារ និងគោលដៅឥឡូវចំពោះចង្វាក់ផលិតកម្មមៀនប៉ៃលិនមានភាពល្បីល្បាញខ្លាំងមិនថានៅប្រទេសចិនទេគឹនៅប៉ែកអ៉ឺរ៉ុប ទ្វីបអាមេរិកក៏មានចំណាប់អារម្មណ៍ក្នុងការសិក្សាក្នុងការទិញផលិតផលពីយើងដែរ ក៏ប៉ុន្តែអ្វីដែលយើងមិនទាន់អាចធ្វើបានរួមមាន ការគ្រប់គ្រងហានិភ័យផ្សេងៗ បើសិនជាយើងអាចចាប់ដៃគូបានច្រើនកសិករយើងក៏មានចំណូលខ្ពស់ដែរ ហើយរាល់ថ្ងៃនេះក៏មានការលំបាកច្រើនដែរពាក់ព័ន្ធលើទុនបង្វិលរបស់ក្រុមហ៊ុនមួយៗដើម្បីបង្វិលស្តុកក្នុងការទិញ។លើសពីនោះ ក៏មានបញ្ហាមួយចំនួនតែតែកើតឡើងដូចជា កសិករមិនចូលរួមធ្វើផែនការផលិតអោយគ្រប់ជ្រុងជ្រោយ, កសិករខ្វះការអនុវត្តន៍កសិកម្មល្អ ជាកត្តាហានិភ័យដល់ស្ដង់ដារបញ្ជាទិញ និងដោយសារការធ្វើផែនការផលិតមិនទាន់ល្អធ្វើអោយខ្វះកំលុងពលកម្មជាដើម។

សូមជម្រាបថា ផលិតផលមៀនប៉ៃលិន (តាងែន) កម្ពុជា នៅឆ្នាំ២០២៣ មានប្រមាណ១៨០.៣៦១តោន មានការកើនឡើងជិត៦ម៉ឺនតោន បើធៀបនឹងឆ្នាំមុនមានតែ ១២២.៦២៨តោនប៉ុណ្ណោះ។ដោយខេត្តបាត់ដំបង ដណ្តើមបានជាខេត្តមានតាងែនច្រើនជាងគេ ពីខេត្តប៉ៃលិន។ខេត្តធំៗទាំង៥ រួមមាន បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ រតនគិរី និងពោធិ៍សាត់ ផលិតបានប្រមាណ ៩៦% នៃបរិមាណផលិតផលប្រចាំឆ្នាំ ក្នុងពេលដែលខេត្ត ១៣ ដទៃទៀត មានផលិតផលតាងែនតែ៤%។នេះបើតាមការបញ្ជាក់ពីលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕