អ៊ីស្រាអែលប្រកាសផែនការវាយប្រហារអ៊ីរ៉ង់យ៉ាងហោចណាស់ ៣សប្តាហ៍ទៀត ខណៈប្រេងបន្តឡើងថ្លៃ

អន្តរជាតិ

(ក្រុងហេរុយសាឡឹម)៖ អ៊ីស្រាអែលបានប្រកាសថា ខ្លួនមានផែនការសម្រាប់បន្តធ្វើសង្គ្រាមជាមួយអ៊ឺរ៉ង់យ៉ាងហោចណាស់ ៣សប្តាហ៍ទៀត ស្របពេលកន្លងទៅយោធារបស់ខ្លួន និងអាម៉េរិក បានទម្លាក់គ្រាប់បែកលើទីតាំងសំខាន់ៗជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ ប៉ុន្តែបញ្ហាតម្លៃប្រេងឡើងថ្លៃជាសកលនៅតែជះឥទ្ធិពលជាអតិបរមា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី១៧ ខែមីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការវាយប្រហាររបស់អាម៉េរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ បានឈានចូលសប្តាហ៍ទី៣ ដោយមិនទាន់មានសញ្ញាបញ្ចប់នៅឡើយ។ ខណៈអ៊ឺរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវឆ្លងកាត់សម្រាប់ដឹកប្រេង និងឧស្ម័ន ២០ភាគរយ នៃពិភពលោក បានរុញច្រានតម្លៃប្រេងឱ្យឡើងថ្លៃ និងបង្កក្តីបារម្ភអំពីការកើនឡើងនៃអតិផរណាសកល។

ចំពោះបញ្ហានៅចរាចរណ៍នៅច្រកសមុទ្រហ័រមូស ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក៏បានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនជួយបើកផ្លូវទឹកដ៏សំខាន់នេះឡើងវិញ និងបានព្រមានអង្គការណាតូថា នឹងជួបអនាគត «អាក្រក់បំផុត» ប្រសិនបើសម្ព័ន្ធមិត្តមិនព្រមជួយទីក្រុងវ៉ាស៊ីនតោន។

ទោះបីជាយ៉ាងណាក៏ដោយ ម្សិលម៉ិញនេះមានសម្ព័ន្ធមិត្តអាម៉េរិកចំនួន២ ជប៉ុន និងអូស្ត្រាលី បានចេញមុខបដិសេធការស្នើររបស់លោក ត្រាំ ដោយមិនព្រមបញ្ជូននាវាចម្បាំងទៅច្រកសមុទ្រហ័រមូសឡើយ ដោយលើកហេតុផលថាក្នុងកាលទេសនេះមិនគួរលូកដៃក្នុងជម្លោះនេះ ហើយសម្ព័ន្ធមិត្តទាំងអស់នឹងព្យាយាមជួយដោះស្រាយតាមរយៈការទូត ដែលជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា៕