ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) រៀបចំសិក្ខាសាលាស្តីពីការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ដើម្បីឆ្ពោះទៅរកភាពធន់ និងនិរន្តរភាព។

សិក្ខាសាលាស្តីពីការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ឆ្ពោះទៅរកភាពធន និងនិរន្តរភាពរវាងកម្ពុជា-ជប៉ុន បានរៀបចំឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពី លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ព្រមទាំងវាគ្មិនកិត្តិយសជាច្រើនរូបទៀត។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ជាវេទិកាសម្រាប់ការពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវឌ្ឍភាពក្នុងវិស័យភស្តុភារកម្មនៅកម្ពុជា ព្រមទាំងបង្ហាញអំពីទស្សនវិស័យនៃដំណើរឆ្ពោះទៅរកភាពធន់ និងនិរន្តរភាព ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

តាមរយៈសិក្ខាសាលានេះក៏មានគោលបំណងចែករំលែកនូវឧត្តមានុវត្តន៍ សម្រាប់ការបង្កើនប្រសិទ្ធភាពភស្តុភារកម្ម និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ព្រមទាំងចែករំលែកអំពីវឌ្ឍនភាពនៃវិស័យភស្តុភារកម្មនៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលក្នុងនោះចក្ខុវិស័យនៃផែនការមេគឺឈានទៅសម្រេចគោលបំណងធំចំនួន៤ រួមមាន៖ ១. ពង្រីក និងធ្វើឱ្យកាន់តែប្រសើរឡើងនូវវិសាលភាពគ្របដណ្តប់ និងសមត្ថភាពនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ២. ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃសេវា និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ៣. ជំរុញ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ និង ៤. ពង្រឹងប្រសិទ្ធភាពសេវា និងចំណាយឡូជីស្ទីក។
ឆ្លើយតបនឹងផែនការមេខាងលើ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងឡូជីស្ទីក៕ អត្ថបទ៖ ហ្សាលីន

