សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុ (CMA) បានអះអាងថា វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា នៅតែបន្តមានភាពរឹងមាំ ពោលគឺមានសន្ទនីយភាពគ្រប់គ្រាន់ និងស្ថិតក្រោមការត្រួតពិនិត្យពីធនាគារជាតិ (NBC) ។

ការអះអាងបែបនេះ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងស្ថានភាពរអាក់រអួលផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ដែលមិនបានឆ្លុះបញ្ចាំងជារួមពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។
ជាមួយគ្នានេះ សមាគមធនាគារ បានបញ្ជាក់ថា «ភាពរអាក់រអួលចំពោះប្រតិបត្តិការបណ្តោះអាសន្ននៅស្ថាប័នហិរញ្ញវត្ថុណាមួយ មិនគួរយកទៅបកស្រាយថា ជាការឆ្លុះបញ្ចាំងពីស្ថានភាពនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនោះឡើយ»។
យ៉ាងណាក៏ដោយ វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែអនុវត្តបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង រួមទាំងការត្រួតពិនិត្យ និងវិធានការធានាលើហានិភ័យសន្ទនីយភាពសាច់ប្រាក់ជាប្រចាំ។
ស្ថិតក្នុងស្ថានភាពនេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអំពាវនាវកុំឱ្យអតិថិជនដែលបានដាក់ប្រាក់បញ្ញើនៅក្នុងគ្រឹះស្ថានធនាគារនាំគ្នាសម្រុកទៅដកប្រាក់ទាំងអស់ចេញពីធនាគារក្នុងពេលតែមួយ ដែលវានឹងធ្វើឱ្យធនាគារខ្វះសាច់ប្រាក់សងត្រឡប់។
លោកស្រី បានគូសបញ្ជាក់ថា «លុយបង្វិលអត់ទាន់ មិនមែនធនាគារ អត់មានលុយសងទេ ក៏ប៉ុន្តែធនាគារ បង្វិលអត់ទាន់ ដោយសារលុយទាំងអស់នោះ ធនាគារបានផ្ដល់ទៅឱ្យអ្នកដែលខ្ចី ហើយអ្នកដែលខ្ចីនោះ គឺខ្ចីរយៈពេលវែង ដូច្នេះហើយប្រសិនបើទាំងអស់គ្នាមកទារប្រាក់ទាំងអស់ក្នុងពេលតែមួយ ធនាគារក៏ត្រូវតែទារពីអ្នកដែលឱ្យខ្ចីនោះទាំងអស់ក្នុងពេលតែមួយ ហើយយើងដឹងហើយ អ្នកធ្វើអាជីវកម្ម គឺគាត់គ្មានលទ្ធភាពសងត្រឡប់ទាំងអស់ក្នុងពេលតែមួយនោះទេ»។
ជាមួយគ្នានេះ លោកស្រី ក៏បានអំពាវនាវឱ្យអតិថិជនទុកពេលវេលាឱ្យធនាគារជាតិបន្តធ្វើការជាមួយធនាគារដែលពាក់ព័ន្ធ និងរកវិធីដោះស្រាយប្រាក់បញ្ញើអតិថិជនទាំងអស់៕





