លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នៅតែមានអំនួតថាបានឈ្នះសង្គ្រាមនៅអ៊ីរ៉ង់ ប៉ុន្តែជាង៣សប្តាហ៍មកហើយដែលចាប់ដៃជាមួយអ៊ីស្រាអែលវាយប្រហារអ៊ឺរ៉ង់នៅតែគ្មានសញ្ញាណាមួយបញ្ជាក់ថាខ្លួនឈ្នះសង្គ្រាមនោះឡើយ។ ខណៈអ្នកឈ្នះពិតប្រាដកនោះ គឺជាអ្នកចាប់ផ្តើមសង្គ្រាមនៅកន្លែងមួយផ្សេងទៀត ដែលមានចម្ងាយជាង ២ ៣០០គីឡូម៉ែត្រពីអ៊ីរ៉ង់ ម្នាក់នោះគឺប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)។

យោងតាមអង្គភាព CNA ផ្សាយចេញនៅថ្ងៃទី១៧មីនា ថារឿងនេះជាប់ទាក់ទងនឹងយុទ្ធសាស្រ្តដែលអ៊ីរ៉ង់បង្កើនជម្លោះឆ្ពោះទៅរកវិបត្តិក្នុងតំបន់យ៉ាងឆាប់រហ័ស។
ចាប់តាំងពីការកាត់ផ្តាច់ការដឹកជញ្ជូនប្រេង និងឧស្ម័ន នៅច្រកសមុទ្រ Hormuz រហូតដល់ការកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងប្រទេសជិតខាង អ៊ីរ៉ង់កំពុងព្យាយាមបង្កើនការខូចខាតដល់សេដ្ឋកិច្ចពិភពលោកដែលពឹងផ្អែកយ៉ាងខ្លាំងលើតម្រូវការថាមពលរបស់ខ្លួននៅប្រទេសឈូងសមុទ្រ។
ជាទូទៅ អ៊ីរ៉ង់តែងតែប្រើយុទ្ធសាស្ត្រនេះ ក្នុងការពង្រីកជម្លោះ បង្កើនថ្លៃដើមសេដ្ឋកិច្ចសម្រាប់អាម៉េរិក សម្ព័ន្ធមិត្តដទៃទៀត ហើយដាក់សម្ពាធលើអាម៉េរិក ដើម្បីបន្ថយភាពតានតឹង។
ទោះជាយ៉ាងណា គ្មានផ្នែកណាមួយដែលអ៊ីរ៉ង់មានប្រតិកម្មខ្លាំងនិងភ្ញាក់ផ្អើលក្នុងសង្គ្រាមនេះទេ សូម្បីតែលោក ពូទីន ព្រោះវាជាជាយុទ្ធសាស្ត្រសង្រ្គាមរបស់អ៊ីរ៉ង់ប៉ុណ្ណោះ។
ខណៈសហរដ្ឋអាម៉េរិកកំពុងចូលរួមក្នុងសង្គ្រាមនៅអ៊ីរ៉ង់ ធ្វើឱ្យសព្វាអាវុធ និងគ្រាប់រំសេវរបស់ខ្លួនក៏កាន់តែតិចទៅៗ មានន័យថាធនធានដែលមានសម្រាប់អ៊ុយក្រែនមានតិចជាងមុន។
ដោយឡែក រុស្ស៊ីមិនប្រឈមមុខនឹងការរឹតបន្តឹងណាមួយឡើយ។ ផ្ទុយទៅវិញ ប្រទេសនេះទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃតម្លៃប្រេង និងការលើកលែងទណ្ឌកម្មប្រេងពីអាម៉េរិកទៅវិញ។ ប្រាក់ចំណូលបន្ថែមនោះនឹងជួយទីក្រុងមូស្គូជ្រើសរើសទាហាន ផលិតដ្រូន មីស៊ីល និងអភិវឌ្ឍន៍សមត្ថភាពយោធាបន្ថែមទៀត ដើម្បីធ្វើការវាយប្រហារសង្គ្រប់ទៅលើប្រទេសអ៊ុយក្រែន។
គួរជម្រាបដែរថា ការបន្តសង្គ្រាមនៅអ៊ីរ៉ង់នឹងជះផលវិជ្ជមានជាច្រើនដល់ទីក្រុងម៉ូស្គូ ហើយលោក ពូទីន មិនចាំបាច់ខ្ជះខ្ជាយគ្រាប់រំសេវសូម្បីមួយគ្រាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ពីវាទេ គឺមករកលោកដោយឯង៕





