ការចំណាយលើអាវុធនុយក្លេអ៊ែរទូទាំងពិភពលោក កើនដល់ជិត ១១៩ពាន់លានដុល្លារ ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន

អន្តរជាតិ

ការចំណាយលើអាវុធនុយក្លេអ៊ែរទូទាំងពិភពលោក ត្រូវបានគេព្យាករថាបានឈានដល់ជិត ១១៩ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ខណៈពេលដែលប្រទេសមហាអំណាចធំៗ បានបន្ថែមក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែមទៀត ទៅក្នុងឃ្លាំងអាវុធរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) បានចេញផ្សាយរបាយការណ៍មួយដែលបង្ហាញថាប្រទេសដែលមានអាវុធនុយក្លេអ៊ែរចំនួនប្រាំបួន ដូចជាសហរដ្ឋអាមេរិក រុស្ស៊ី ចិន ចក្រភពអង់គ្លេស បារាំង ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង និងប៉ាគីស្ថាន បានចំណាយជិត ១១៩ពាន់លានដុល្លារ លើឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេ នៅឆ្នាំ២០២៥។ នេះជាកម្រិតដ៏ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ដែលជាការកើនឡើង ១៩% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។

ICAN ដែលជាអង្គការមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ និងមានទីស្នាក់ការកណ្តាលនៅប្រទេសអូស្ត្រាលី មានគោលបំណងលើកកម្ពស់ការអនុលោម និងការអនុវត្តសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរទូទាំងពិភពលោក ហើយទទួលបានពានរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ២០១៧។

ទន្ទឹមនឹងនេះ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម (SIPRI) ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត ក៏បានចេញផ្សាយរបាយការណ៍មួយស្តីពីឃ្លាំងអាវុធនុយក្លេអ៊ែរសកល នៅថ្ងៃទី៨ ខែមិថុនា ផងដែរ ដោយសម្តែងការព្រួយបារម្ភអំពីហានិភ័យកើនឡើងនៃការប្រណាំងប្រជែងសព្វាវុធ ចំពេលមានភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើងនៅជុំវិញពិភពលោក។

យោងតាមរបាយការណ៍ SIPRI ចំនួនសរុបនៃក្បាលគ្រាប់នុយក្លេអ៊ែរនៅលើពិភពលោកបន្តធ្លាក់ចុះ ដោយធ្លាក់ចុះមកត្រឹមប្រហែល ១២ ១៨៧ គ្រាប់ នៅដើមឆ្នាំនេះ។ តែទោះជាយ៉ាងណាក៏ដោយ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងស្ថានភាពត្រៀមខ្លួនប្រយុទ្ធបានកើនឡើងដល់ ៩ ៧៤៥ គ្រាប់។ លោក Karim Haggag នាយក SIPRI បានព្រមានថាចំនួនអាវុធនុយក្លេអ៊ែរបានថយចុះ ប៉ុន្តែកម្រិតគ្រោះថ្នាក់ និងហានិភ័យនុយក្លេអ៊ែរកំពុងកើនឡើងយ៉ាងខ្លាំង៕​