យោងតាមរដ្ឋាភិបាលអាមេរិក បាននិយាយកាលពីថ្ងៃទី១៦ ខែមីនាថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុន LG Energy Solution របស់កូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីសាងសង់រោងចក្រផលិតអាគុយលីចូមផូស្វាត (LFP) ដែលមានតម្លៃ ៤,៣ពាន់លានដុល្លារនៅទីក្រុង Lansing រដ្ឋ Michigan ដោយរំពឹងទុកថានឹងចាប់ផ្តើមផលិតកម្មដំបូង នៅឆ្នាំ២០២៧។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញកិច្ចព្រមព្រៀងដ៏ធំនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដែលបានបង្ហាញដោយរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងអំឡុងកិច្ចប្រជុំកំពូលសន្តិសុខថាមពលឥណ្ឌូ-ប៉ាស៊ីហ្វិក កាលពីពេលកន្លងទៅ។
គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន LG Energy Solution បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៤,៣ពាន់លានដុល្លារដើម្បីផ្គត់ផ្គង់ Tesla ជាមួយនឹងអាគុយដែលសមត្ថភាពផ្ទុកថាមពលខ្ពស់របស់ខ្លួន ខណៈពេលដែលក្រុមហ៊ុនគ្រប់គ្រងដោយមហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk កំពុងព្យាយាមបន្ថយការពឹងផ្អែករបស់ខ្លួនលើការនាំចូលពីចិន ដោយសារតែពន្ធគយខ្ពស់។
ជម្រាបជូនថា ក្រុមហ៊ុន LG Energy Solution គឺជាក្រុមហ៊ុនផលិតអាគុយ LFP ដ៏ធំបំផុតមួយក្នុងចំណោមក្រុមហ៊ុនផលិតអាគុយធំៗផ្សេងទៀត នៅសហរដ្ឋអាមេរិក។ អាគុយប្រភេទ LFP នេះ ត្រូវបានប្រើប្រាស់ជាយូរមកហើយដោយក្រុមហ៊ុនគូប្រជែងចិន ដែលមានវត្តមានតិចតួចប៉ុណ្ណោះនៅក្នុងទីផ្សារសហរដ្ឋអាមេរិក៕

