Tesla ចាប់ដៃសហការជាមួយ LG សាងសង់រោងចក្រផលិតអាគុយតម្លៃជាង ៤ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមរដ្ឋាភិបាលអាមេរិក បាននិយាយកាលពីថ្ងៃទី១៦ ខែមីនាថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុន LG Energy Solution របស់កូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីសាងសង់រោងចក្រផលិតអាគុយលីចូមផូស្វាត (LFP) ដែលមានតម្លៃ ៤,៣ពាន់លានដុល្លារនៅទីក្រុង Lansing រដ្ឋ Michigan ដោយរំពឹងទុកថានឹងចាប់ផ្តើមផលិតកម្មដំបូង នៅឆ្នាំ២០២៧។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញកិច្ចព្រមព្រៀងដ៏ធំនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដែលបានបង្ហាញដោយរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងអំឡុងកិច្ចប្រជុំកំពូលសន្តិសុខថាមពលឥណ្ឌូ-ប៉ាស៊ីហ្វិក កាលពីពេលកន្លងទៅ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន LG Energy Solution បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៤,៣ពាន់លានដុល្លារដើម្បីផ្គត់ផ្គង់ Tesla ជាមួយនឹងអាគុយដែលសមត្ថភាពផ្ទុកថាមពលខ្ពស់របស់ខ្លួន ខណៈពេលដែលក្រុមហ៊ុនគ្រប់គ្រងដោយមហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk កំពុងព្យាយាមបន្ថយការពឹងផ្អែករបស់ខ្លួនលើការនាំចូលពីចិន ដោយសារតែពន្ធគយខ្ពស់។

ជម្រាបជូនថា ក្រុមហ៊ុន LG Energy Solution គឺជាក្រុមហ៊ុនផលិតអាគុយ LFP ដ៏ធំបំផុតមួយក្នុងចំណោមក្រុមហ៊ុនផលិតអាគុយធំៗផ្សេងទៀត នៅសហរដ្ឋអាមេរិក។ អាគុយប្រភេទ LFP នេះ ត្រូវបានប្រើប្រាស់ជាយូរមកហើយដោយក្រុមហ៊ុនគូប្រជែងចិន ដែលមានវត្តមានតិចតួចប៉ុណ្ណោះនៅក្នុងទីផ្សារសហរដ្ឋអាមេរិក៕​