ថៃ អាចនឹងទិញចូលប្រេងពីប្រទេសរុស្ស៊ី ចំពេលកំពុងមានវិបត្តិ

អន្តរជាតិ

ឧបនាយករដ្ឋមន្ត្រីថៃ លោក Phiphat Ratchakitprakarn បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសថៃ បានពិភាក្សាជាមួយរដ្ឋាភិបាលរុស្ស៊ីអំពីលទ្ធភាពនៃការទិញប្រេងឆៅរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១៧ ខែមីនា លោក Phiphat Ratchakitprakarn បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានពិភាក្សាអំពីការទិញប្រេងឆៅពីរុស្ស៊ីនៅក្នុងកិច្ចប្រជុំមួយនៅអឺរ៉ុបកាលពីមួយថ្ងៃមុន។ ការចរចាកំពុងដំណើរការ ហើយរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្គត់ផ្គង់ប្រេងរបស់ពួកគេ ដល់ប្រទេសថៃ។

ប្រេងឆៅរបស់រុស្ស៊ីត្រូវបានទទួលរងនូវទណ្ឌកម្មរបស់លោកខាងលិចចាប់តាំងពីជម្លោះនៅអ៊ុយក្រែនក្នុងឆ្នាំ២០២២ មក។ តែទោះជាយ៉ាងណាក៏ដោយ ដើម្បីបន្ថយការកើនឡើងនៃតម្លៃប្រេងពិភពលោក សហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យប្រទេសនានាទិញប្រេងពីរុស្ស៊ីដែលកំពុងដឹកជញ្ជូនតាមសមុទ្ររហូតដល់ថ្ងៃទី១១ ខែមេសា។

គួរឲ្យដឹងថា ជម្លោះនៅមជ្ឈិមបូព៌ាបានរំខានដល់លំហូរថាមពលតាមរយៈច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់ ធ្លាប់ដឹកជញ្ជូនប្រេង និងឧស្ម័នចំនួន ២០% របស់ពិភពលោក។ ហើយដោយសារតែការផ្គត់ផ្គង់មានកម្រិត បានបណ្តាលឲ្យតម្លៃប្រេងឆៅពិភពលោកកើនឡើងយ៉ាងខ្លាំង។

ជម្រាបជូនផងដែរថា យោងតាមកាសែត Bangkok Post ក៏បានរាយការណ៍ផងដែរថា ដើម្បីទប់ទល់នឹងស្ថានភាពថ្មីៗនេះ ប្រទេសថៃបានប្រកាសកាលពីដើមខែនេះថា ខ្លួននឹងបញ្ឈប់ការនាំចេញប្រេងឥន្ធនៈចម្រាញ់ទៅកាន់ប្រទេសនានា លើកលែងតែឡាវ និងមីយ៉ាន់ម៉ា។ លើសពីនេះ ដើម្បីជំរុញសន្តិសុខផ្គត់ផ្គង់ ក្រសួងថាមពលបានទាមទារឲ្យក្រុមហ៊ុនប្រេងឥន្ធនៈបង្កើនសមាមាត្របម្រុងជាកាតព្វកិច្ចរបស់ពួកគេចន្លោះពី ១% ទៅ ៣% ផងដែរ៕​