បំណុលជាតិអាមេរិកកើនឡើងខ្លាំង ស្មើរបំណុលប្រទេសមហាអំណាចសេដ្ឋកិច្ចចំនួន៥ បូកបញ្ចូលគ្នា

អន្តរជាតិ

បំណុលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានកើនឡើងដល់ចំណុចសឹងតែមិនគួរឲ្យជឿ ដោយបានកើនដល់ ៣៤ទ្រីលានដុល្លារ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ហើយវាមានចំនួនប្រហាក់ប្រហែលនឹង ប្រទេសមហាអំណាចសេដ្ចកិច្ចធំៗចំនួនប្រាំ បូកបំណុលបញ្ចូលគ្នា។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន RT ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការប៉ាន់ប្រមាណរបស់ IMF បានប្រៀបធៀបឲ្យដឹងថា ប្រទេសចិនបានជំពាក់បំណុលរដ្ឋាភិបាលប្រហែល ១៤ទ្រីលានដុល្លារ គិតត្រឹមឆ្នាំមុន ក៏ប៉ុន្តែបើក្រឡេកមកមើលបំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកវិញ មានចំនួនប្រហាក់ប្រហែលនឹងបំណុលធំៗទាំងប្រាំរបស់ពិភពលោកដូចជា ចិន ជប៉ុន អង់គ្លេស បារាំង និងអ៊ីតាលី បូកបំណុលបញ្ចូលគ្នាឯណោះ។

មិនត្រឹមតែប៉ុណ្ណោះបច្ចុបន្ននេះ បំណុលសាធារណៈរបស់ទីក្រុងវ៉ាស៊ីតោន បើគិតចំពោះបុរស ស្ត្រី និងកុមារម្នាក់ៗគឺមានចំនួន ១០២ ០០០ដុល្លារនៅក្នុងទឹកដីសហរដ្ឋអាមេរិក ឬអាចជិត ២៦០ ០០០ដុល្លារក្នុងមួយគ្រួសារ។ ម្យ៉ាងវិញទៀត បំណុលរបស់សហរដ្ឋអាមេរិក គឺស្មើរនឹងទំហំសេដ្ឋកិច្ចនៃប្រទេសចិន អាឡឺម៉ង់ ជប៉ុន ឥណ្ឌា និងចក្រភពអង់គ្លេសរួមបញ្ចូលគ្នា ដូចដែលបានចង្អុលបង្ហាញដោយមូលនិធិ Peter G. Peterson ដែលជាក្រុមគោលនយោបាយសារពើពន្ធមិនលំអៀងនៅទីក្រុងញូវយ៉ក។

ទន្ទឹមនឹងនោះ លោក Michael Peterson នាយកប្រតិបត្តិមូលនិធិខាងលើបាននិយាយថា៖ ពួកយើងទើបតែបានចាប់ផ្តើមឆ្នាំថ្មី ប៉ុន្តែបំណុលជាតិនៅតែស្ថិតលើផ្លូវរដិបរដុបដដែល និងមិនមាននិរន្តរភាព។ លោកបន្ថែមថា បន្ទាប់ពីបំណុលវាល់លានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ វាគួរតែជាសញ្ញាព្រមានភ្លាមៗ ដល់អ្នកបង្កើតគោលនយោបាយណាដែលយកចិត្តទុកដាក់ ចំពោះអនាគតនៃប្រទេសរបស់យើង៕