ក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Olam Group ដែលជាក្រុមហ៊ុនដ៏ធំមួយ មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី មានបំណងជំរុញ និងស្វែងរកឱកាសក្នុងការពង្រីកការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។

នេះបើតាមរយៈជំនួបរវាង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាត ជាមួយ លោក Gaurav Patil អនុប្រធានជាន់ខ្ពស់ និងជានាយកក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។
ក្នុងកិច្ចជំនួបនោះ លោក Gaurav Patil អនុប្រធានជាន់ខ្ពស់ និងជានាយកក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម បានលើកឡើងថា ដោយពិនិត្យឃើញអំពីសក្តានុពលដ៏សម្បូរបែបនៅកម្ពុជា ជាមួយនឹងស្ថិរភាពនៃស្ថានភាពសេដ្ឋកិច្ចនិងនយោបាយ ក្រុមហ៊ុន OFI មានបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសការកែច្នៃស្វាយចន្ទីនេះផ្ទាល់។
លើសពីនេះ ក្រុមហ៊ុនក៏បានស្នើសុំពង្រឹងកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការអំណោយផល ដើម្បីជំរុញការកែច្នៃផលិតផលសក្តានុពលកម្ពុជាឱ្យកាន់តែសម្បូរបែបជាបន្តបន្ទាប់នាពេលអនាគតផងដែរ។

សូបជម្រាបជូនថា ក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Olam Group ដែលជាក្រុមហ៊ុនដ៏ធំមួយ មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី និងកំពុងមានប្រតិបត្តិការជាង ៦០ប្រទេស ដោយមានជំនាញអាជីវកម្មម្ហូបអាហារ និងកសិ-ពាណិជ្ជកម្មឈានមុខគេ ដែលបានផ្គត់ផ្គង់ដល់អតិថិជននៅទូទាំងពិភពលោក។ ក្រុមហ៊ុន Olam Group ក៏បានចុះបញ្ជីបង្កើតក្រុមហ៊ុន Olam Outspan (Cambodia) នៅកម្ពុជាផងដែរ តាំងពីឆ្នាំ២០១៧ ក្នុងទិសដៅបន្តជំរុញ និងពង្រីកវិសាលភាពវិនិយោគបន្ថែមទៅលើការកែច្នៃស្វាយចន្ទីកម្ពុជា និងដំណាំសក្តានុពលកម្ពុជាបន្ថែមទៀត រួមមាន ស្វាយ ទុរេន ម្នាស់ ជាដើម។

