បណ្ណឥណពន្ធទេសចរណ៍កម្ពុជា-ចិន កាន់តែផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរចិន ឬអន្តរជាតិមកកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

“សេវាកម្មទូទាត់ប្រាក់ឆ្លងដែន និងកាតឥណពន្ធទេសចរណ៍កម្ពុជា-ចិន” ត្រូវបានដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ រៀបចំឡើងដោយធនាគារ Bank of China សាខាភ្នំពេញ ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហួត ហាក់ បានលើកឡើងថា ការបង្កើតបណ្ណឥណពន្ធទេសចរណ៍កម្ពុជា-ចិន ផ្តល់នូវភាពកាន់តែងាយស្រួលដល់ភ្ញៀវទេសចរ ឬ អ្នកធ្វើដំណើរចិន ឬ អន្តរជាតិដែលអញ្ជើញមកដល់កម្ពុជា អាចធ្វើការទូទាត់ប្រាក់ឆ្លងប្រទេសតាមប្រព័ន្ធ QR ជាធម្មតា។

លោកបន្តថា ការផ្តល់សេវាកម្មនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត និងគួរជាទីមោទនៈរបស់រដ្ឋាភិបាលកម្ពុជា និងចិនលើការធ្វើបរិវត្តកម្មឌីជីថលលើផ្នែកទេសចរណ៍ ហរិញ្ញវត្ថុ និងប្រព័ន្ធទូទាត់ឆ្លងប្រទេស (QR) ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដែលឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមកជាអាទិភាព ដែលមានគោលដៅរួមគឺការកសាង «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន» គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ និងជាយន្តការថ្មីជួយបង្កើនសន្ទុះយុទ្ធនាការទេសចរណ៍ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន»។

សូមបញ្ជាក់ជូនថា ការដាក់ឱ្យប្រើប្រាស់សេវាទូទាត់ឆ្លងដែន និងបណ្ណឥណពន្ធទេសចរណ៍កម្ពុជា-ចិន មិនត្រឹមតែជំរុញការទូទាត់ដោយពុំប្រើសាច់ប្រាក់ឱ្យកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកធ្វើទំនើបកម្ម និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍តាមបែបឌីជីថល និងឱ្យកាន់តែសម្បូរបែបឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរចិន និងអន្តរជាតិជំរុញកំណើនភ្ញៀវទេសចរចិន និងអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ព្រមទាំងផ្តល់នូវកាលានុវត្តភាពវិនិយោគកាន់តែច្រើន៕