ធនាគារកណ្តាលអាមេរិក បន្តរក្សាអត្រាការប្រាក់ដដែលមិនផ្លាស់ប្តូរ ជាលើកទីពីរនៅឆ្នាំនេះ

អន្តរជាតិ

ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) បានបន្តរក្សាអត្រាការប្រាក់របស់ខ្លួនមិនផ្លាស់ប្តូរ នៅក្នុងកិច្ចប្រជុំគោលនយោបាយលើកទីពីររបស់ខ្លួន នៅក្នុងឆ្នាំ២០២៦ នេះ ពោលគឺដូចអ្វីដែលទីផ្សារធ្លាប់បានព្យាករទុកពីមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១៨ ខែមីនា បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃ ធនាគារកណ្តាលសហរដ្ឋអាមេរិក បានសម្រេចចិត្តរក្សាអត្រាការប្រាក់គោលរបស់ខ្លួនមិនផ្លាស់ប្តូរ ពោលនៅចន្លោះ ៣,៥-៣,៧៥% ដដែល។ ចលនានេះគឺស្រដៀងគ្នាទៅនឹងកិច្ចប្រជុំកាលពីក្នុងខែមករាដែរ ខណៈកាលពីឆ្នាំមុន ធនាគារកណ្តាល បានកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនចំនួនបីដង។

យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តបែបនេះ​ធនាគារកណ្តាលសហរដ្ឋអាមេរិក បាននិយាយថា សកម្មភាពសេដ្ឋកិច្ចបន្តកើនឡើងក្នុងល្បឿនរឹងមាំ។ តែទោះជាយ៉ាងណាក៏ដោយ អតិផរណាក៏កំពុងបង្កើនល្បឿនផងដែរ ស្របពេលទីផ្សារការងារនៅតែមិនផ្លាស់ប្តូរស្ទើរតែទាំងអស់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

នៅក្នុងសន្និសីទសារព័ត៌មានជាបន្តបន្ទាប់ ប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិក លោក Jerome Powell បាននិយាយថា ៖”យើងជឿជាក់ថាជំហរគោលនយោបាយរូបិយវត្ថុបច្ចុប្បន្នរបស់យើងគឺសមរម្យ ពោលគឺបន្ទាប់ពីមានការសម្រេចចិត្តគោលនយោបាយ និងការព្យាករចុងក្រោយបំផុតរបស់ Fed ទៅលើការដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា”។

លោក Powell បានបន្តទៀតថា៖ “ផលប៉ះពាល់នៃការវិវឌ្ឍនៅមជ្ឈិមបូព៌ាលើសេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅតែមិនច្បាស់លាស់។ ក្នុងរយៈពេលខ្លី តម្លៃថាមពលកើនឡើងនឹងជំរុញឲ្យអតិផរណាទាំងមូលកើនឡើង ប៉ុន្តែវានៅតែឆាប់ពេកក្នុងការវាយតម្លៃពីទំហំ និងរយៈពេលនៃផលប៉ះពាល់ដែលអាចកើតមានលើសេដ្ឋកិច្ច”៕​