(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែខាងមុខនេះ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។

ពិធីប្រុងពលី ជាពិធីបែបសាសនាមួយ ដែលគេតែងធ្វើឡើងមុនការរៀបចំសាងសង់អ្វីមួយ ក្នុងបំណងដើម្បីសុំជោគជ័យតាមការចង់បាន។ ពិធីនេះតែងតែរៀបចំជាប្រចាំ នៅមុនពេលដំណើរការព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយធ្វើឡើងតាមគន្លងប្រពៃណីទំនៀមទម្លាប់ ជំនឿ សាសនា របស់បុព្វបុរសខ្មែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៣មកម្លេះ អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាឱកាសដ៏ល្អសម្រាប់យុវជន និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ត្រឡប់ទៅស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារ៕









