(ក្រុងបាងកក)៖ នាយករដ្ឋមន្ត្រីថ្មីថ្មោងថៃ លោក អនុទីន បានចេញមុខបកស្រាយយ៉ាងលម្អិតជុំវិញមន្ទិលសង្ស័យរបស់ក្រុមសហគ្រិនរថយន្តដឹកទំនិញលើករណី «បាត់ប្រេង ១០,០០០ លីត្រ» លោកបានបញ្ជាក់ថា ក្រុមការងារកំពុងស្ថិតក្នុងដំណាក់កាលផ្ទៀងផ្ទាត់ និងដេញតាមដានទិន្នន័យយ៉ាងយកចិត្តទុកដាក់បំផុត ប៉ុន្តែលោកបានអះអាងយ៉ាងច្បាស់ថា ប្រទេសថៃមិនមានបញ្ហាខ្វះខាតប្រេង ឬកាត់បន្ថយសមត្ថភាពផលិត និងនាំចូលប្រេងឆៅនោះទេ។

ក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅវិមានរដ្ឋសភាថៃ លោក អនុទីន បញ្ជាក់ថា បញ្ហារអាក់រអួលក្នុងប្រព័ន្ធចែកចាយប្រេង បណ្តាលមកពី «ក្តីបារម្ភហួសហេតុ» របស់ពលរដ្ឋដែលនាំគ្នាសម្រុកទិញស្តុកទុក រហូតធ្វើឱ្យតម្រូវការហក់ឡើងពី ៦៧ លានលីត្រ ដល់ ៨៤ លានលីត្រ ក្នុងមួយថ្ងៃ។ លោកបានច្រានចោលទាំងស្រុងនូវការសង្ស័យថាមានមេខ្លោងនៅពីក្រោយការកិបកេងប្រេង ដោយលោកសង្កត់ធ្ងន់ថា «បើវាមិនមាន តើឱ្យទៅរកឃើញយ៉ាងដូចម្តេច?»។
លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃកំពុងពន្លឿនការដឹកជញ្ជូនប្រេងទៅកាន់ស្ថានីយនានា ដើម្បីស្តារទំនុកចិត្តពលរដ្ឋ និងធានាថាប្រេងមិនមានការខ្វះខាតឡើយ។
ទន្ទឹមឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីភ្លាមៗ លោក ណាតាផុង រឿងផាន់យ៉ាវុទ្ធ មេដឹកនាំបក្សប្រឆាំង ក៏បានផ្ញើសារដាស់តឿនឱ្យរដ្ឋាភិបាលថ្មីហ៊ាន «បោសសម្អាតផ្ទះខ្លួនឯង» និងបង្ហាញតម្លាភាពក្នុងការដោះស្រាយអំពើពុករលួយ ដើម្បីស្តារទំនុកចិត្តពលរដ្ឋឡើងវិញផងដែរ៕



