បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង នឹងក្លាយជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដំបូងគេ ដែលនឹងឡើងផ្សារភាគហ៊ុននៅកម្ពុជា ក្នុងពេលឆាប់ៗនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

យោងតាមសេចក្តីជូនដំណឹងរបស់ផ្សារមូលបត្រកម្ពុជា បានឱ្យដឹងបែបនេះថា ផ្សារមូលបត្រកម្ពុជា (ផមក) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនថា ផមក បានសម្រេចឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារគោលរបស់ បុរី វិមានសំណាង ម.ក នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅ ផមក បុរី វិមានសំណាង ម.ក ត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈពី និយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀតពាក់ព័ន្ធនឹងការចុះបញ្ជីនៅ ផមក។
សូមបញ្ជាក់ថា បុរី វិមានសំណាង ម.ក ជាក្រុមហ៊ុនទីមួយ ដែលទទួលបានការឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារគោលសម្រាប់ឆ្នាំ២០២៦នេះ។ គួរកត់សម្គាល់ផងដែរថា បុរី វិមានសំណាង ម.ក ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់កម្ពុជា ដែលចូលរួមក្នុងការអភិវឌ្ឍ និងលក់អចលនទ្រព្យបែបលំនៅឋាន និងពាណិជ្ជកម្ម។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់បន្ថែមលើបណ្តាញសង្គម នៅព្រឹកថ្ងៃទី២១ ខែមីនានេះថា ដើម្បីសម្រេចផែនការអាជីវកម្ម ៣០ឆ្នាំ (២០២៦-២០៥៦) ក្នុងការសាងសង់ឱ្យបាន ១០០ ០០០ (ផ្ទះ វីឡា និងខុនដូ) ក្នុង៤៥គម្រោង រួមមានសាលារៀន ៤៥កន្លៃង មន្ទីរពេទ្យ ៤៥កន្លែង ផ្សារ ៤៥កន្លៃង និងកន្លែងលេងកីឡាចម្រុះ ៤៥កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងអាចទៅបរទេសទៀត នោះការឡើងផ្សារភាគហ៊ុននៅកម្ពុជា និងបរទេស ដើម្បីឱ្យមានអ្នកចូលហ៊ុនរាប់ពាន់ ម៉ឺននាក់ ឬសែននាក់ គឺជាជម្រើស ដែលល្អបំផុតសម្រាប់រូបលោក និងក្រុមហ៊ុនបុរី វិមានសំណាង ម.ក៕





