សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ អ្នកឧកញ៉ា ម៉ម វណ្ណឌី មានសទ្ធាជ្រះថ្លាកសាងអគារសាលបដិសណ្ឋារៈ មួយខ្នង និងកសាងនូវសមិទ្ធផលមួយចំនួនទៀត នៅក្នុងវត្តនិគ្រោធវ័ន គល់ទទឹង ភូមិកោះក្របីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៥ ខែសីហានេះ សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព បានលើកឡើងថា សូមចម្រើនពរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចទាំងទ្វេមានសទ្ធាជ្រះថ្លាកសាង (១) អគារសាលបដិសណ្ឋារៈ មួយខ្នង កម្ពស់ ១ជាន់ បណ្តោយ ១៦ម៉ែត្រ ទទឹង ៨ម៉ែត្រ (២) បដិមាព្រះត្រៃសរណគមន៍ (ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ) កម្ពស់ ៣.៦ម៉ែត្រ សាងពីសំរឹទ្ធ និង (៣) ទេពទ្វារបាល ១គូ កម្ពស់ ៤.៥ម៉ែត្រ សាងអំពីសំរឹទ្ធ តម្កល់ទុកក្នុងវត្តនិគ្រោធវ័ន គល់ទទឹង ភូមិកោះក្របីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមរយៈ ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ, អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវ អ្នកឧកញ៉ា ទៀង ផល្លា ព្រមទាំងបុត្រាបុត្រី។
«សូមសម្ដេចទាំងទ្វេ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានសមប្រកបជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។ សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព បានបន្ថែម។
សូមជម្រាបថា វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង គឺជាទីអារាមមួយស្ថិតនៅ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្តនេះគឺមាន សម្ដេចព្រះឧត្តមវង្សា គូ សុភាព ជាព្រះគូសូត្រស្ដាំ និងជាព្រះធម្មធរគណរាជធានីភ្នំពេញ។ វត្តគល់ទទឹងត្រូវបានរៀបចំឡើងជា រមណីយារាមដ្ឋាន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា និងជាពិសេសដើម្បីស្វែងយល់ពីវិស័យព្រះពុទ្ធសាសនា វប្បធម៌ និងការគោរពបូជារបស់ពលរដ្ឋខ្មែរ៕





