គោរមងារឧកញ៉ា សំដៅដល់ងារកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ។ គោរមងារឧកញ៉ា មាន៣លំដាប់ថ្នាក់គឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា។
តាមទិន្នន័យដែល Oknha News ទទួលបាន គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ នៅកម្ពុជាបច្ចុប្បន្នមាន «លោកអ្នកឧកញ៉ា» ចំនួន ៩រូប រួមមានដូចខាងក្រោម៖
១.លោកអ្នកឧកញ៉ា ពុង ឃាវសែ៖ ប្រធានក្រុមហ៊ុន OCIC (ទទួលបានគោរមងារ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤)

២.លោកអ្នកឧកញ៉ា លី ហួរ៖ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ គ្រុប (ទទួលបានគោរមងារ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤)

៣.លោកអ្នកឧកញ៉ា លី យ៉ុងផាត់៖ អគ្គនាយកក្រុមហ៊ុន LYP Group (ទទួលបានគោរមងារ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤)

៤.លោកអ្នកឧកញ៉ា ភាព ហៀក៖ ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប (ទទួលបានគោរមងារ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤)

៥.លោកអ្នកឧកញ៉ា លាង ឃុន៖ សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប (ទទួលបានគោរមងារ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤)

៦.លោកអ្នកឧកញ៉ា ស៊ី គង់ទ្រីវ៖ នាយកក្រុមហ៊ុន ខេ ធី ប៉ាស៊ីហ្វិច គ្រុប លីមីធីត (ទទួលបានគោរមងារ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤)

៧.លោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ៖ ម្ចាស់មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ និងផ្សារនាគមាស (ទទួលបានគោរមងារ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤)

៨.លោកអ្នកឧកញ៉ា ទ្រី ភាព៖ អគ្គនាយក ក្រុមហ៊ុន ទ្រី ភាព គ្រុប (ទទួលបានគោរមងារ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤)

៩.លោកអ្នកឧកញ៉ា ជឹង សុភាព៖ ហៅយាយភូ ម្ចាស់ក្រុមហ៊ុនជាច្រើននៅកម្ពុជា។

កាលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យផ្តល់គោរមងារជូន លោកជំទាវ គង់ បញ្ញា កូនស្រីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ជា «លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា»។ ទោះយ៉ាងណា គោរមងារថ្មីនេះ មិនស្ថិតក្នុងចំណោមគោរមងារ «លោកអ្នកឧកញ៉ា» ដែលមានចែងក្នុងព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ានោះទេ ពោលគឺគោរមងារនេះ ជាគោរមងារពិសេសមួយដាច់ដោយឡែក សម្រាប់ផ្តល់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងព្រះបរមរាជវាំង។
សូមជម្រាបថា គិតត្រឹមដើមឆ្នាំ២០២៦ នៅកម្ពុជាមានឧកញ៉ាសរុបជាង ១០០០នាក់ ក្នុងនោះមានគោរមងារជា លោកអ្នកឧកញ៉ាចំនួន ៩រូប ហើយឧកញ៉ាដែលបានចុះបញ្ជីផ្លូវការនៅសមាគមឧកញ៉ាកម្ពុជា មានប្រមាណជាង ៤០០នាក់៕

