លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ីហើយ កាលពីថ្ងៃទី២២ ខែមីនា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ ក្នុងគោលដៅដ៏សំខាន់បំផុតគឺពង្រឹងសន្តិសុខថាមពល សម្រាប់ប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

ស្របពេលដែលពិភពលោកកំពុងជួបវិបត្តិប្រេងឡើងថ្លៃ ដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ប្រទេសទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងធំៗជាច្រើន ពាក់ព័ន្ធនឹងការរុករក ការបូម និងការជួញដូរប្រេងកាត និងឧស្ម័នធម្មជាតិ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ «មហិច្ឆតានុយក្លេអ៊ែរ» របស់វៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាម មានគោលដៅចង់កសាងរោងចក្រថាមពលនុយក្លេអ៊ែរឲ្យបានក្នុងរយៈពេល៥ឆ្នាំខាងមុខ ដូច្នេះហើយទើបទស្សនកិច្ចនេះនឹងផ្តោតខ្លាំងលើការចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីជួយកសាងឧស្សាហកម្មនុយក្លេអ៊ែររបស់វៀតណាមឲ្យលេចចេញជារូបរាង។ កាលពីដើមឆ្នាំ២០២៥ រុស្ស៊ីក៏ធ្លាប់បានបង្ហាញឆន្ទៈរួចហើយ ក្នុងការផ្ទេរបច្ចេកវិទ្យា និងជួយវៀតណាមលើវិស័យដ៏ទំនើបមួយនេះ។
នៅថ្ងៃទី២៣ ខែមីនានេះ លោក Pham Minh Chinh នឹងត្រូវជួបពិភាក្សាការងារជាមួយសមភាគីរុស្ស៊ី លោក Mikhail Mishustin ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធថាមពល។ ក្នុងនាមជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំមួយក្នុងតំបន់ វៀតណាមចាត់ទុកភាពជាដៃគូជាមួយរុស្ស៊ីគឺជាកូនសោរដ៏សំខាន់ ដើម្បីទប់ទល់នឹងវិបត្តិថាមពលសកល និងរក្សាសេដ្ឋកិច្ចជាតិឲ្យមានស្ថិរភាព៕


