ស្ថានីយប្រេងឥន្ធនៈតេលាខ្មែរ របស់អ្នកឧកញ៉ា ឈុន អូន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានប្រកាសធានាថា ក្រុមហ៊ុនមានឧស្ម័ន LPG ផ្គត់ផ្គង់គ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការអតិថិជន ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក តេលាខ្មែរ ក្រុមហ៊ុនបានគូសបញ្ជាក់បែបនេះថា៖ “ស្ថានីយតេលាខ្មែរ មានឧស្ម័ន LPG ផ្គត់ផ្គង់គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់អតិថិជនប្រចាំថ្ងៃ ប្រកបដោយស្ថិរភាព។ អតិថិជនអាចប្រើប្រាស់សេវាកម្ម និងឧស្ម័ន LPG ដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់។ ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ សម្រាប់ប្រជាជនខ្មែរ”។
គួររំឭកថា កាលមានសង្គ្រាមកម្ពុជា-ថៃ ក្រុមហ៊ុនកម្ពុជាតេលា របស់អ្នកឧកញ៉ា ឈុន អូន ក៏បានប្រកាសថាខ្លួននឹងផ្គត់ផ្គង់ប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជា ទោះស្ថិតនៅក្នុងកាលៈទេសៈមានការរាំងស្ទះការផ្គត់ផ្គង់ពីក្រុមហ៊ុនផ្សេងៗក៏ដោយ។
ក្រុមហ៊ុនកម្ពុជា តេលា គឺជាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ និងឧស្ម័នដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣។ គិតមកទល់ពេលនេះ ក្រុមហ៊ុនមានសាខាចែកចាយបន្ត និងផ្ទាល់ខ្លួនដល់ច្រើនជាង ២០០០ សាខាទូទាំងប្រទេសកម្ពុជា៕


