ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ របស់អ្នកឧកញ៉ា សៀ ឫទ្ធី តម្លៃ២០០លានដុល្លារ សាងសង់រួចរាល់ជាស្ថាពរ

ជុំវិញ​ឧកញ៉ា

គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” (WorldBridge Sport Village) តម្លៃ​ជាង​២០០​លាន​ដុល្លារ​ ​​របស់​អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Group ​​បាន​​សាង​សង់​រួចរាល់​ជា​ស្ថាពរ​​ហើយ និង​បាន​​ត្រៀម​ខ្លួន​រួចរាល់​​​​​ក្នុង​ការ​ទទួល​ប្រតិភូ​កីឡា​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ ​​ក្នុង​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ នា​ខែ​ឧសភា ឆ្នាំ​២០២៣ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ពុធ​ ទី១៩ ខែមេសា​នេះ​ថា ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games នៅកម្ពុជា នៅ​សល់​តែ ១៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ ចំណែក​ឯ​ ភូមិកីឡា ដែល​ស្ថិត​នៅ​ជាប់​ពហុកីឡដ្ឋានជាតិមរតកតេជោ នៅ​សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គឺ​នឹង​ប្រើ​ប្រាស់​សម្រាប់ការស្នាក់នៅ ការហូបចុកជុំគ្នា និង​ងាយស្រួល ក្នុងការចេញទៅប្រកួតឱ្យទាន់ពេលវេលា ព្រមជាមួយនឹងការរក្សាសុខសុវត្ថិភាព សន្តិសុខ ជូនដល់ក្រុមប្រតិភូ កីឡាករ កីឡាការិនី។

គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” អភិវឌ្ឍ​លើ​ផ្ទៃ​ដី ៦.២​ហិកតា ​​ជាប់​នឹង​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ​ក្នុង​នោះ​រួម​មាន​ខុនដូ ១២​អគារ ​សរុប​ស្មើ​នឹង ១,៣១៩ យូនីត ​​មាន​ប្រភេទ​យូនីត ១​បន្ទប់​គេង ២​បន្ទប់គេង និង​៣​បន្ទប់​គេង។ ក្រៅ​ពី​ខុនដូ​ចំនួន ១២​អគារ គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​នេះ ​​ក៏​មាន​​ប្រភេទ​វីឡាទោល​ ចំនួន​៣ វីឡាភ្លោះ​ចំនួន​៤៨ វីឡាកូនកាត់​៧៩ ផ្ទះ​អាជីវកម្ម​ខ្នាត​តូច​ចំនួន​៤១ និង​ផ្ទះ​អាជីវកម្ម​ខ្នាត​ធំ​ចំនួន​៩៤​ សរុបទាំងអស់​ស្មើ​នឹង១,៥៨៤​យូនីត ដែលនឹងធ្វើឱ្យគម្រោងនេះ ក្លាយជាសហគនម៍រស់នៅ​និងជាតំបន់​ពាណិជ្ជកម្មដ៏ធំថ្មីមួយ។

កាលពី​ដើម​ខែមេសា​នេះ គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ក៏​បាន​ឈ្នះ​ពាន​រង្វាន់​ “Community Development Of The Year 2023” ពីកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា២០២៣ ផង​ដែរ ដែល​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ពិត​ជា​មាន​កិត្យានុភាព​ក្នុង​វិស័យ​អចលនទ្រព្យ។

សូម​ជម្រាប​ជូន​ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែល​កម្ពុជា​រង់ចាំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អស់​រយៈពេល ៦៤​ឆ្នាំ នឹង​ចាប់ផ្តើម​ពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា ខណៈដែល​ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹង​ចាប់ផ្តើម​ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕


​​