អ៊ីរ៉ង់មានបណ្តាញរោងចក្រថាពលដ៏ធំបំផុតមួយដែលមានសមត្ថភាពសរុបរហូតដល់ ៧៨ ០០០ MW ដែលចែកចាយអគ្គិសនីពាសពេញប្រទេស ធ្លាប់ជាគោលដៅដ៏ធំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមចង់វាយកម្ទេច ក្នុងរយៈពេល ៤៨ម៉ោង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NY Times។

នៅថ្ងៃទី២៣ ខែមីនា ប្រធានាធិបតីអាមេរិក លោក ត្រាំ បានប្រកាសថា លោកកំពុងធ្វើការចរចាយ៉ាងល្អ និងមានផលិតភាព ជាមួយទីក្រុងតេអេរ៉ង់ ហើយបានណែនាំមន្ទីរបញ្ចកោណឲ្យពន្យារពេលការវាយប្រហារយោធាណាមួយលើរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រយៈពេលប្រាំថ្ងៃ ដើម្បីសម្រួលដល់ការចរចា។
នេះមានន័យថា ឱសានវាទរយៈពេល ៤៨ម៉ោង ដែលចេញដោយលោក ត្រាំ នៅថ្ងៃទី២១ ខែកុម្ភៈ ដែលដាក់សម្ពាធឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញនោះ ត្រូវបានលុបចោលវិញ។
ទោះបីជាអ៊ីរ៉ង់បានបដិសេធថា មិនមានការចរចាជាផ្លូវការណាមួយជាមួយសហរដ្ឋអាមេរិកក៏ដោយ សេចក្តីថ្លែងការណ៍ចុងក្រោយរបស់លោក ត្រាំ បានជួយឲ្យអ៊ីរ៉ង់ចៀសផុតពីហានិភ័យនៃការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់យោធាអាមេរិក ដែលកំណត់គោលដៅជាពិសេសទៅលើបណ្តាញអគ្គិសនីរបស់ខ្លួន។
គួរឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ពឹងផ្អែកយ៉ាងខ្លាំងទៅលើរោងចក្រថាមពលកំដៅ ដែលផលិតអគ្គិសនីជាង ៩៥% ដែលផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ប្រហែល ៤០,៦ លាននាក់ រួមទាំងគ្រួសារចំនួន ៣២,៣ លានគ្រួសារ។ នៅអ៊ីរ៉ង់ មានរោងចក្រថាមពលកំដៅប្រហែល ១៣០ នៅទូទាំងប្រទេស ដែលមានសមត្ថភាពសរុប ៧៨ ០០០ MW។ ក្នុងចំណោមនេះ រោងចក្រប្រហែល ២០ មានសមត្ថភាពផលិតអគ្គិសនីបានជាង ១ ០០០ MW និងរោងចក្រចំនួនបីមានសមត្ថភាពផលិតបានជាង ២ ០០០ MW៕

