រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី “EV” ក្នុងទំហំទុនវិនិយោគ ៤៦លានដុល្លារអាម៉េរិក នឹងបោះទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ នាពេលឆាប់ៗខាងមុខ។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី “EV” ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ពោធិ៍សាត់ ក្នុងទំហំទុនវិនិយោគ ៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤២៨កន្លែង។

គម្រោងវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី “EV” នឹងបោះទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ពោធិ៍សាត់ (ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់) ដែលជាគម្រោងវិនិយោគដោយក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក។
សូមរម្លឹកដែរថា ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២៦៕ អត្ថបទ៖ហ្សាលីន


