វីរៈ ប៊ុនថាំ ដាក់ដំណើរការរថយន្តក្រុង VIP សៀមរាប-បាងកក ពុំបាច់ប្តូររថយន្តនៅព្រំដែនទៀត

សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានដាក់​ឱ្យ​ដំណើរការ​នូវ​រថយន្ត​ក្រុង​ VIP សៀមរាប-បាងកក ​​ដើម្បី​ឱ្យ​​​អ្នក​ដំណើរ​​កាន់​តែ​មាន​ភាព​​ងាយ​ស្រួល ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ខេត្ត​សៀមរាប ទៅ​កាន់​ប្រទេស​ថៃ ​​ដោយ​ពុំ​ចាំបាច់​មាន​​ការ​ផ្លាស់ប្តូរ​រថយន្ត​នៅ​ព្រំដែន ដូច​ពេល​មុន​ទៀត​នោះ​ទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​រថយន្ត​ក្រុង​ VIP សៀមរាប-បាងកក ជា​ប្រភេទ​រថយន្ត​ ២៧​កៅអី ​​ដែល​អ្នក​ដំណើរ​​​​អាច​​​ជ្រើស​រើស​ម៉ោង​ធ្វើ​ដំណើរ​បាន ចាប់ពី​ម៉ោង ០៨:០០​នាទី​ព្រឹក ដល់​ម៉ោង ១២:៤៥​នាទី​យប់។ ការ​​ដាក់​ឱ្យ​ដំណើរ​ការ​នូវ​រថយន្ត​​ក្រុង VIP ​​នេះ​ នឹង​ធ្វើ​ឱ្យ​​អាជីវករ ដែល​ចង់​​ធ្វើ​ដំណើរ​ទៅ​ថៃ ដើម្បី​ទិញ​ទំនិញ​កាន់​តែ​​ងាយ​ស្រួល ​​ហើយ​ជា​ពិសេស​ភ្ញៀវ​ទេសចរណ៍ ​​ដែល​កំពុង​​​​កម្សាន្ត​នៅ​ខេត្ត​សៀមរាប និង​ចង់​បន្ត​ទៅ​លេង​នៅ​ទីក្រុង​បាង​កក ​​អាច​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង VIP នេះ​បាន ​​​​ជាមួយ​នឹង​​​សុវត្ថិភាព​ខ្ពស់ ​​​និង​​ពុំ​មាន​រុះរើ​ឥវ៉ាន់​ប្តូរ​រថយន្ត​ ពេល​ដល់​ព្រំដែន ដូច​ពី​មុន​ទៀត។

សូម​ជម្រាប​ជូន​ថា ក្រុមហ៊ុន​ វិរៈ ប៊ុនថាំ អេចប្រេស ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ និង​បញ្ញើ​ឈាន​មុខ​គេ​មួយ​នៅ​ប្រទេស​កម្ពុជា ដែល​អាច​ធ្វើ​ដំណើរ ឬ​​ផ្ញើ​​ទំនិញ​ ទៅ​កាន់​ប្រទេសថៃ និង​វៀតណាម​បាន។ លើស​ពី​នេះ​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ ក៏​ទើប​បាន​ចេញ​​ App ថ្មី​មួយ​ឈ្មោះ​ថា VET Express ដែល​អាច​ទាញ​យក​បាន​នៅ​លើ​​​ទូរសព្ទ​ដៃ​ទាំង​ប្រព័ន្ធ​ iOS និង​ Andriod ​​ដើម្បី​តាម​ដាន​ប្រតិបត្តិការ​​បញ្ញើ​ទំនិញ ឬ​អាច​កក់​សំបុត្រ​​ក្នុង​ការ​ធ្វើ​ដំណើរ​បាន​ផង​ដែរ៕