ឡាវគ្រោងចំណាយលុយជាង ៦ពាន់លានដុល្លារ សាងសង់ផ្លូវរថភ្លើង តភ្ជាប់ពីរដ្ឋធានីវៀងចន្ទន៍ទៅកាន់កំពង់ផែសមុទ្រវៀតណាម ដើម្បីពង្រីកសេដ្ឋកិច្ចជាតិ

អន្តរជាតិ

(ឡាវ)៖​ រដ្ឋាភិបាលឡាវបានដាក់សំណើទៅកាន់រដ្ឋសភាជាតិកាលពីថ្ងៃទី២៤ ខែមីនានេះ ដើម្បីជំរុញគម្រោងសាងសង់ផ្លូវរថភ្លើងប្រវត្តិសាស្ត្រប្រវែង ៥៦២ គីឡូម៉ែត្រ តភ្ជាប់ពីរដ្ឋធានីវៀងចន្ទន៍ទៅកាន់កំពង់ផែ Vung Ang របស់វៀតណាម ដើម្បីបើកច្រកចេញចូលសមុទ្រដោយផ្ទាល់។ ក្នុងជំហានដំបូងនេះ រដ្ឋាភិបាលឡាវកំពុងសុំការអនុម័តលើកញ្ចប់ថវិកាប្រមាណ ១,៣ ពាន់លានដុល្លារ សម្រាប់ការសាងសង់ដំណាក់កាលទី១ ក្នុងទឹកដីឡាវ ដែលមានប្រវែង ១៤៧ គីឡូម៉ែត្រ ចាប់ពីទីក្រុង Thakhek ទៅកាន់ច្រកព្រំដែន Mu Gia ដើម្បីចាប់ផ្តើមការដ្ឋានមុនគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការរាយការណ៍របស់កាសែត The Laotian Times គម្រោងដ៏មហិមានេះត្រូវបានប៉ាន់ប្រមាណថាមានតម្លៃសរុបប្រហែល ៦,៦ ពាន់លានដុល្លារ ក្រោមរូបភាពភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដោយគ្រោងនឹងចាប់ផ្តើមការសាងសង់នៅឡាវនាឆ្នាំ ២០២៦ និងនៅវៀតណាមនៅឆ្នាំ ២០២៧ ក្នុងគោលបំណងដាក់ឱ្យដំណើរការពេញលេញនៅឆ្នាំ ២០៣០។

តាមប្រភពដដែល បញ្ជាក់ថាផ្លូវរថភ្លើងថ្មីនេះនឹងប្រើប្រាស់រង្វាស់ផ្លូវស្តង់ដារ (Standard Gauge) ដូចគ្នាទៅនឹងផ្លូវរថភ្លើងឡាវ-ចិន ដែលមានសមត្ថភាពរត់បានល្បឿន ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់អ្នកដំណើរ និង ៨០ គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ដឹកទំនិញ។ វានឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនយ៉ាងខ្លាំង បង្កើនសមត្ថភាពនាំចេញ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ឱ្យកាន់តែរឹងមាំ តាមរយៈការទទួលបានសិទ្ធិអាទិភាពប្រើប្រាស់កំពង់ផែសមុទ្ររបស់វៀតណាម។

គម្រោងផ្លូវរថភ្លើងវៀងចន្ទន៍-វុងអាង (Vientiane-Vung Ang) គឺជាមហិច្ឆតាយុទ្ធសាស្ត្រយូរអង្វែងរបស់ឡាវ ក្នុងគោលបំណងប្រែក្លាយខ្លួនពីប្រទេស «ដីគោក» (Land-locked) ទៅជាប្រទេសតភ្ជាប់ (Land-linked) ដោយកាត់បន្ថយការពឹងផ្អែកលើកំពង់ផែថៃ ហើយងាកមកប្រើប្រាស់ច្រកចេញចូលសមុទ្រចិនខាងត្បូង តាមរយៈកំពង់ផែ Vung Ang របស់វៀតណាមវិញ៕