(ឡាវ)៖ រដ្ឋាភិបាលឡាវបានដាក់សំណើទៅកាន់រដ្ឋសភាជាតិកាលពីថ្ងៃទី២៤ ខែមីនានេះ ដើម្បីជំរុញគម្រោងសាងសង់ផ្លូវរថភ្លើងប្រវត្តិសាស្ត្រប្រវែង ៥៦២ គីឡូម៉ែត្រ តភ្ជាប់ពីរដ្ឋធានីវៀងចន្ទន៍ទៅកាន់កំពង់ផែ Vung Ang របស់វៀតណាម ដើម្បីបើកច្រកចេញចូលសមុទ្រដោយផ្ទាល់។ ក្នុងជំហានដំបូងនេះ រដ្ឋាភិបាលឡាវកំពុងសុំការអនុម័តលើកញ្ចប់ថវិកាប្រមាណ ១,៣ ពាន់លានដុល្លារ សម្រាប់ការសាងសង់ដំណាក់កាលទី១ ក្នុងទឹកដីឡាវ ដែលមានប្រវែង ១៤៧ គីឡូម៉ែត្រ ចាប់ពីទីក្រុង Thakhek ទៅកាន់ច្រកព្រំដែន Mu Gia ដើម្បីចាប់ផ្តើមការដ្ឋានមុនគេ។

យោងតាមការរាយការណ៍របស់កាសែត The Laotian Times គម្រោងដ៏មហិមានេះត្រូវបានប៉ាន់ប្រមាណថាមានតម្លៃសរុបប្រហែល ៦,៦ ពាន់លានដុល្លារ ក្រោមរូបភាពភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដោយគ្រោងនឹងចាប់ផ្តើមការសាងសង់នៅឡាវនាឆ្នាំ ២០២៦ និងនៅវៀតណាមនៅឆ្នាំ ២០២៧ ក្នុងគោលបំណងដាក់ឱ្យដំណើរការពេញលេញនៅឆ្នាំ ២០៣០។
តាមប្រភពដដែល បញ្ជាក់ថាផ្លូវរថភ្លើងថ្មីនេះនឹងប្រើប្រាស់រង្វាស់ផ្លូវស្តង់ដារ (Standard Gauge) ដូចគ្នាទៅនឹងផ្លូវរថភ្លើងឡាវ-ចិន ដែលមានសមត្ថភាពរត់បានល្បឿន ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់អ្នកដំណើរ និង ៨០ គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ដឹកទំនិញ។ វានឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនយ៉ាងខ្លាំង បង្កើនសមត្ថភាពនាំចេញ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ឱ្យកាន់តែរឹងមាំ តាមរយៈការទទួលបានសិទ្ធិអាទិភាពប្រើប្រាស់កំពង់ផែសមុទ្ររបស់វៀតណាម។
គម្រោងផ្លូវរថភ្លើងវៀងចន្ទន៍-វុងអាង (Vientiane-Vung Ang) គឺជាមហិច្ឆតាយុទ្ធសាស្ត្រយូរអង្វែងរបស់ឡាវ ក្នុងគោលបំណងប្រែក្លាយខ្លួនពីប្រទេស «ដីគោក» (Land-locked) ទៅជាប្រទេសតភ្ជាប់ (Land-linked) ដោយកាត់បន្ថយការពឹងផ្អែកលើកំពង់ផែថៃ ហើយងាកមកប្រើប្រាស់ច្រកចេញចូលសមុទ្រចិនខាងត្បូង តាមរយៈកំពង់ផែ Vung Ang របស់វៀតណាមវិញ៕





