នារសៀលថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដំណើរដោយអ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបទៀតបានចូលរួមពិធីបុណ្យគម្រប់ ៧ថ្ងៃឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធរបស់ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ករុណាភិរ័ក្ខសិរីសុធម្មា ស៊ួន គឹមស្រ៊ុន សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នាវេលាម៉ោង ២:២១ នាទីរសៀល ក្នុងជន្មាយុ ៨០ឆ្នាំដោយជរាពាធ។

មរណភាពរបស់ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ករុណាភិរ័ក្ខសិរីសុធម្មា ស៊ួន គឹមស្រ៊ុន គឺជាការបាត់បង់នូវភរិយា ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម និងជាម្តាយបង្កើត ម្តាយក្មេក ជីដូនដ៏ជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងពោរពេញទៅដោយព្រហ្មវិហារធម៌ចំពោះកូនចៅរួមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ព្រមទាំងជាសមាជិកដ៏សកម្មមួយរូបរបស់សមាគមឧកញ៉ាកម្ពុជាដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធនធានក្នុងការចូលរួមជាមួយសមាគមទាំងក្នុងសកម្មភាពមនុស្សធម៌ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងសកម្មភាពធុរកិច្ចនានាដែលបានរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរផងដែរ។
ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំជាពន់ពេកនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ករុណាភិរ័ក្ខសិរីសុធម្មា ស៊ួន គឹមស្រ៊ុន សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


















