ឧកញ៉ា កែវ សម្បត្តិ ចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងសាលាអន្តរជាតិប្រូមស៍ហ្រ្គូវកម្ពុជា ជាមួយនឹងស្ថាប័នចំនួន ៧

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៥ សាលាអន្តរជាតិប្រូមស៍ហ្រ្គូវកម្ពុជា បានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយនឹងដៃគូសហប្រតិបត្តិការចំនួន៧ដែលក្នុងនោះរួមមាន៖ សមាគមវិនិយោគិន នវានុវត្តន៍និងអភិវឌ្ឍន៍ នៃកម្ពុជាហៅកាត់ថា IDI, សភាពាណិជ្ជកម្មនៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា (BritCham), ក្រុមហ៊ុន LBL International Construction, ក្រុមហ៊ុន LED Lighting Solutions, ក្រុមហ៊ុនធានារ៉ាប់រង Ly Hour SBI Insurance, ក្រុមហ៊ុនទេសចរណ៍ Sophiya Cambodia Travel & Tour និងក្រុមហ៊ុនធានារ៉ាប់រង eTiQa។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក Marc Thayre អនុប្រធានបេសកកម្មរបស់ស្ថានទូតនៃចក្រភពអង់គ្លេស, ឧកញ៉ា កែវ សម្បត្តិ ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ នៃសាលាអន្តរជាតិប្រូមស៍ហ្រ្គូវកម្ពុជា និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា, ឧកញ៉ាបណ្ឌិត ហោ សិរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ នៃកម្ពុជា (IDI) ព្រមទាំងវត្តមានរបស់សម្តេច ទ្រង់ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ដែលជាតំណាងរបស់ក្រុមហ៊ុនដៃគូសហប្រតិបត្តិការ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

កិច្ចសហប្រតិបត្តិការរវាងសាលាប្រូមស៍ហ្រ្គូវកម្ពុជាជាមួយនឹងបណ្តាក្រុមហ៊ុនក៏ដូចជាសមាគមខាងលើនេះគឺមានគោលបំណងរួមគ្នាលើកស្ទួយដល់វិស័យអប់រំនៅកម្ពុជាតាមរយៈការរួមគ្នាផ្តល់ជូននូវសេវាកម្មពិសេសៗ និងការផ្តល់ជូននូវកញ្ចប់បញ្ចុះតម្លៃពិសេសៗ ដែលអាចធ្វើឱ្យក្រុមគ្រួសារជាច្រើនអាចមានលទ្ធភាពបញ្ជូនបុត្រធីតាមកសិក្សានៅសាលាដែលមានគុណភាពល្អ និងជាសាលាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានបទពិសោធក្នុងការផ្តល់សេវាអប់រំលំដាប់ពិភពលោកអស់រយៈពេលជិត៥០០ឆ្នាំមកហើយ។

សូមបញ្ជាក់ផងដែរថា Bromsgrove គឺជាសាលាដែលក្រុមហ៊ុន Visionary Alliance for Education Co., Ltd បានទិញសិទ្ធិពីចក្រភពអង់គ្លេសមកក្នុងគោលបំណងដើម្បីបាននាំយកនូវសាលាដែលពោរពេញទៅដោយបទពិសោធ និងគុណភាពក្នុងការផ្តល់នូវសេវាអប់រំលំដាប់ពិភពលោកដើម្បីបានអភិវឌ្ឍន៍នូវគុណភាពធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជាយើងដោយរាល់ការគ្រប់គ្រងគុណភាពសិក្សា និងការបង្រៀនទាំងអស់គឺធ្វើឡើងដោយផ្ទាល់ពីចក្រភពអង់គ្លេសដែលមានលោកស្រី Philippa Barson ជានាយិកាប្រចាំនៅកម្ពុជា ជាតំណាងដើម្បីទាក់ទងជាមួយនឹងសិស្សានុសិស្ស បុគ្គលិក លោកគ្រូ អ្នកគ្រូ ព្រមទាំងមាតាបិតាសិស្សដោយផ្ទាល់។ ដូច្នេះ សាលា Bromsgrove ពិតជាអាចផ្តល់ជូនដល់សិស្សានុសិស្សក៏ដូចជាក្រុមគ្រួសារទាំងអស់នូវគុណភាពអប់រំពិតៗ។

ចំពោះសាលាអន្តរជាតិប្រូមស៍ហ្រ្គូវកម្ពុជា ផ្តល់ជូននូវសេវាអប់រំចំណេះទូទៅបែបអន្តរជាតិដែលទទួលកុមារឱ្យចូលសិក្សាចាប់ពីអាយុ២ឆ្នាំឡើងទៅ និងមានអាសយដ្ឋាននៅដីឡូលេខ២៧០ វិថីលេខ១៩២៨ ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។