មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលទើបទទួលការបោះឆ្នោតឲ្យបន្តកាន់អំណាច បានសរសេរក្នុងសារលិខិតថ្លែងអំណរគុណមួយផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ថា ទីក្រុងព្យុងយ៉ាងប្ដេជ្ញាចិត្តចំពោះទំនាក់ទំនង និងការគាំទ្ររុស្ស៊ី ដោយគ្មានថ្ងៃប្រែប្រួលឡើយ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើងនៅថ្ងៃ២៥មីនា។

មេដឹកនាំកូរ៉េខាងជើង បានធ្វើការកត់សម្គាល់នេះនៅក្នុងលិខិតឆ្លើយតបមួយកាលពីថ្ងៃទី២៤មីនា ដោយបានលើកឡើងថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នក សម្រាប់ការផ្ញើការអបអរសាទរយ៉ាងកក់ក្តៅ និងស្មោះស ចំពោះការចូលកាន់តំណែងកំពូលរបស់ខ្ញុំ ក្នុងនាមជាប្រធាននៃគណៈកម្មការកិច្ចការរដ្ឋ សម្រាប់អាណត្តិទី៣»។
លោក គីម ជុងអ៊ុន បានបន្តក្នុងលិខិតនោះថា«សព្វថ្ងៃនេះ កូរ៉េខាងជើង និងរុស្ស៊ីកំពុងសហការគ្នាយ៉ាងជិតស្និទ្ធរួចហើយដើម្បីការពារអធិបតេយ្យភាពក្នុងប្រទេសទាំងពីរ។ ទីក្រុងព្យុងយ៉ាងនឹងនៅជាមួយទីក្រុងមូស្គូជានិច្ច ហើយនេះជាជម្រើស និងឆន្ទៈដ៏រឹងមាំរបស់យើង»។
មេដឹកនាំកូរ៉េខាងជើង ជឿជាក់ថា ទំនាក់ទំនងរឹងមាំ និងការជឿទុកចិត្តរវាងពួកគេនឹងធានាបាននូវភាពធន់ និងគោលបំណងនាពេលអនាគត រវាងកូរ៉េខាងជើង និងរុស្ស៊ី និងលើកកម្ពស់ការអភិវឌ្ឍ និងសុខុមាលភាពប្រកបដោយភាពសុខដុមរបស់ប្រជាជននៃប្រទេសទាំងពីរ។
ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធគ្នា ចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូលើប្រទេសអ៊ុយក្រែន កាលពីដើមឆ្នាំ ២០២២ ដោយទីក្រុងព្យុងយ៉ាង បានបញ្ជូនកងទ័ពជើងគោក និងប្រព័ន្ធអាវុធដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាមរបស់រុស្ស៊ី។ អ្នកវិភាគ លើកឡើងថា ជំនួយនេះត្រូវបានផ្តល់ជូនជាថ្នូរនឹងការផ្គត់ផ្គង់បច្ចេកវិទ្យាស្បៀងអាហារ និងអាវុធរបស់រុស្ស៊ីមកកាន់កូរ៉េខាងជើង៕

