ក្រុមហ៊ុនបន្ទះឈីបអាមេរិក គ្រោងបើកការពិភាក្សាលើកិច្ចសហប្រតិបត្តិការជាមួយវៀតណាម នៅសប្តាហ៍ក្រោយ

អន្តរជាតិ

ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្សរបស់សហរដ្ឋអាមេរិក Nvidia NVD ត្រូវបានគេរាយការណ៍ថា នឹងធ្វើការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការផលិតឧបករណ៍បន្ទះឈីប Semiconductors ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា និងអាជ្ញាធរវៀតណាម នៅក្នុងទីក្រុងហាណូយ នាថ្ងៃចន្ទខាងមុខនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Jensen Huang ដែលជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia នឹងត្រូវជួបជាមួយតំណាងរដ្ឋាភិបាល និងក្រុមហ៊ុនវៀតណាមមួយចំនួន ដើម្បីពិភាក្សាអំពីវិធីសាស្រ្តក្នុងការជំរុញឧស្សាហកម្ម semiconductor នៅក្នុងប្រទេសវៀតណាម និង ភាពជាដៃគូសក្តានុពលរបស់ Nvidia ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម នៅថ្ងៃចន្ទ។

ក្រសួងផែនការ និងវិនិយោគវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Huang និងថ្នាក់ដឹកនាំផ្សេងទៀតរបស់ Nvidia នឹងមានកិច្ចប្រជុំការងារនៅមជ្ឈមណ្ឌលច្នៃប្រឌិតជាតិវៀតណាម ឬ NIC Hoa Lac នៅទីក្រុងហាណូយ។

ទន្ទឹមនឹងនេះ លោក Huang ក៏នឹងត្រូវជួបជាមួយថ្នាក់ដឹកនាំក្រសួង ទីក្រុង និងមន្ត្រីសួនឧស្សាហកម្ម ក៏ដូចជាតំណាងសាជីវកម្មឧស្សាហកម្មវៀតណាមផងដែរ ខណ:ក្រុមហ៊ុនមួយចំនួននៅក្នុងអាជីវកម្ម semiconductor របស់វៀតណាមដូចជា FPT និងក្រុមហ៊ុន Viettel ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះដូចគ្នា។

ជម្រាបជូនផងដែរថា បើតាមប្រភពឧស្សាហកម្មដែលដឹងពីការរៀបចំនៃកិច្ចប្រជុំនេះ បាននិយាយថាក្រុមហ៊ុន Nvidia រំពឹងថានឹងយល់ព្រមទៅលើកិច្ចសហប្រតិបត្តិការផ្ទេរបច្ចេកវិទ្យាជាមួយក្រុមហ៊ុនរបស់វៀតណាមយ៉ាងហោចណាស់មួយ បន្ទាប់ពីព្រឹត្តិការណ៍ដ៏សំខាន់នេះ៕