មេដឹកនាំ​កូរ៉េខាងជើង ប្ដេជ្ញាគាំទ្ររុស្ស៊ី​​គ្រប់សកម្មភាព ក្រោយពូទីនផ្ញើសារអបអរការ​​បន្តកាន់អំណាច​

អន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែល​ទើប​​ទទួល​ការ​​​បោះឆ្នោត​​ឲ្យ​បន្តកាន់​អំណាច​ ​បាន​សរសេរ​​ក្នុងសារលិខិតថ្លែងអំណរគុណមួយផ្ញើទៅកាន់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ថា ទីក្រុងព្យុងយ៉ាងប្ដេជ្ញាចិត្តចំពោះ​ទំនាក់ទំនង និងការគាំទ្ររុស្ស៊ី​​​​ ដោយ​​គ្មាន​ថ្ងៃ​ប្រែប្រួល​​ឡើយ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ​ផ្លូវការ​​របស់​កូរ៉េខាងជើង​​នៅថ្ងៃ២៥មីនា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មេដឹកនាំកូរ៉េខាងជើង បានធ្វើការកត់សម្គាល់នេះនៅក្នុង​លិខិត​​ឆ្លើយតបមួយកាលពីថ្ងៃទី២៤មីនា ដោយ​បាន​​លើក​ឡើង​​ថា​​ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នក សម្រាប់ការផ្ញើការអបអរសាទរយ៉ាងកក់ក្តៅ និងស្មោះ​ស​​ ចំពោះការចូលកាន់តំណែងកំពូល​របស់ខ្ញុំ ក្នុងនាមជាប្រធាននៃគណៈកម្មការកិច្ចការរដ្ឋ សម្រាប់​អាណត្តិទី៣​»។

លោក គីម ជុងអ៊ុន បានបន្ត​​​ក្នុង​លិខិត​នោះ​ថា«​សព្វថ្ងៃនេះ កូរ៉េខាងជើង និងរុស្ស៊ីកំពុងសហការគ្នាយ៉ាងជិតស្និទ្ធរួច​​​ហើយ​ដើម្បីការពារអធិបតេយ្យភាពក្នុងប្រទេសទាំងពីរ។ ទីក្រុងព្យុងយ៉ាងនឹងនៅជាមួយទីក្រុងមូស្គូជានិច្ច ហើយនេះជាជម្រើស និងឆន្ទៈដ៏រឹងមាំរបស់យើង»​។

​មេ​ដឹកនាំ​កូរ៉េខាងជើង ជឿជាក់ថា ទំនាក់ទំនងរឹងមាំ និងការជឿទុកចិត្តរវាងពួកគេនឹងធានា​បាន​នូវភាពធន់ និងគោល​បំណង​នាពេលអនាគត រវាងកូរ៉េខាងជើង និងរុស្ស៊ី និងលើកកម្ពស់ការអភិវឌ្ឍ និងសុខុមាលភាព​​​ប្រកបដោយ​ភាព​សុខដុម​​របស់ប្រជាជននៃប្រទេសទាំងពីរ។

ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធគ្នា ចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូលើ​ប្រទេស​អ៊ុយក្រែន កាលពីដើម​ឆ្នាំ ២០២២ ដោយទីក្រុងព្យុងយ៉ាង បានបញ្ជូនកងទ័ពជើងគោក និងប្រព័ន្ធអាវុធដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាមរបស់រុស្ស៊ី។ អ្នកវិភាគ លើក​ឡើង​​ថា ជំនួយនេះត្រូវបានផ្តល់ជូនជាថ្នូរនឹងការផ្គត់ផ្គង់បច្ចេកវិទ្យាស្បៀងអាហារ និងអាវុធរបស់រុស្ស៊ី​មក​កាន់​កូរ៉េខាង​ជើង​​៕