នាព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានដឹកនាំសហប្រធានក្រុមការងារផ្នែកឯកជន និងអនុប្រធាននៃគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន រួមនិងក្រុមលេខាធិការដ្ឋានក្រុមការងារផ្នែកឯកជន អញ្ជើញចូលរួមក្នុង កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមកប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ)។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់រដ្ឋមន្ត្រីដែលជាសហប្រធានដៃគូជាមួយផ្នែកឯកជន, ក្រុមលេខាធិការដ្ឋានក្រុមការងារផ្នែករដ្ឋាភិបាល, ក្រុមការងារនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) រួមទាំង អ្នកឧកញ៉ា ឡាវ កាង, ឧកញ៉ា តាន់ មុនីវណ្ណ, ឧកញ៉ា តែ តាំងប៉, ឧកញ៉ា គួច ផេង, ឧកញ៉ា លូ ម៉េង, ឧកញ៉ា ណាង សុធី, ឧកញ៉ា ចាន់ សុឃាំង, ឧកញ៉ា សូ ងួន, ឧកញ៉ា ម៉ុង រិទ្ធថា, ឧកញ៉ា ងួន ម៉េងតិច និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បី៖ ១). ពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចាប់ដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ សម្រាប់ឆមាសទី២ ឆ្នាំ២០២៥។ ២).ពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF – SOPs)។
ជារួម បញ្ហាដែលលើកឡើងក្នុងក្រុមការងារតាមវិស័យក្រោយវេទិកា G-PSF លើកទី១៩ គិតត្រឹម ឆមាសទី២ ឆ្នាំ២០២៥ សរុបមានចំនួន ១៩៨ ក្នុងនោះ ១៧៤ ស្មើនឹង៨៧,៩% ត្រូវបានដោះស្រាយរួចរាល់ ហើយបញ្ហាដែលនៅសេសសល់ចំនួន ២៤ ស្មើនឹង ១២,១% កំពុងត្រូវបានដោះស្រាយ សំដៅឈានទៅសម្រេចបានដំណោះស្រាយវិជ្ជមានសម្រាប់វិស័យឯកជន៕















