​កម្ពុជា បាន​បដិសេធចំពោះ​ព្រឹទ្ធសភា​ថៃ​​ឱ្យ​លុប MOU ឆ្នាំ​២០០០ ដោយផ្ទុយ​ច្បាប់​អន្តរជាតិ​ក្នុង​ចេតនា​កេង​ចំណេញ​នយោបាយ

សង្គម​ និង​សេដ្ឋកិច្ច

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​កម្ពុជា​ បាន​បដិសេធ និង​ច្រាន​ចោល​ចំពោះ​អនុសាសន៍​របស់​គណៈកម្មាធិការ​ចំពោះ​កិច្ច​ព្រឹទ្ធសភា​ថៃ​​ឱ្យ​លុប MOU ឆ្នាំ​២០០០ ជាមួយ​កម្ពុជា។ រដ្ឋលេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន​កម្ពុជា​ចាត់​ទុក​ថា​ការ​លុប​ MOU ដោយ​ភាគី​តែ​ម្ខាង​នេះ​គឺ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ ផ្ទុយ​ច្បាប់​អន្តរជាតិ​ក្នុង​ចេតនា​កេង​ចំណេញ​នយោបាយ​ និង​បំផ្លាញ​សមិទ្ធផល​ដែល​សម្រេច​បាន​ដោយ​គណៈកម្មការ​ JBC នៃ​ប្រទេស​ទាំង​ពីរ​កន្លង​មក​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​សេចក្ដីប្រកាសព័ត៌មាន​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦នេះ អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​​បញ្ជាក់​ថា អនុស្សរណៈ​យោគ​យល់​គ្នា​លើ​ការ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា​-ថៃ​​ MOU 2000 ត្រូវ​បាន​កម្ពុជា និង​ថៃ​ចុះ​ហត្ថលេខា ព្រម​ទាំង​យក​ទៅ​តម្កល់​នៅ​លេខាធិការដ្ឋាន​អង្គការ​សហប្រជាជាតិ​រួច​រាល់​ ដែល​បង្កើត​កាតព្វកិច្ច​ក្រោម​ច្បាប់​អន្តរជាតិ​ និង​ជា​កិច្ច​ព្រមព្រៀង​ដ៏​មាន​សារសំខាន់​សម្រាប់​​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្ដិវិធី​។ ថៃ​មិន​អាច​យក​ហេតុផល​និង​នីតិវិធី​ផ្ទៃ​ក្នុង​ ឬ​ហេតុផល​ណា​មួយ​ដើម្បី​លុប​ MOU នេះ​ទេ។

​សេចក្ដី​ប្រកាស​នោះ​បាន​បញ្ជាក់​ថា តាម​គោលការណ៍​ច្បាប់​អន្តរជាតិ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ ភាគី​ថៃ​មិន​អាច​លើក​យក​ហេតុផល​ច្បាប់ និង​នីតិ​វិធី​ផ្ទៃ​ក្នុង​ ឬ​ហេតុផល​ណាមួយ​ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការ​លុប​ MOU ឆ្នាំ​២០០០ ដែល​ជា​សន្ធិសញ្ញា​ពាក់ព័ន្ធ​នឹង​ព្រំដែន​ដែល​ខ្លួន​ជា​ភាគី​បាន​ឡើយ​(យោង​តាម​មាត្រា​៦២ ចំណុច​ទី២ នៃ​អនុសញ្ញា​ទីក្រុង​វ្យ៉ែន​ ស្ដីពី​ច្បាប់​សន្ធិសញ្ញា​ VCLT ឆ្នាំ​១៩៦៩។

រដ្ឋលេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន ​បាន​បញ្ជាក់​ថែម​ទៀត​ថា​ ការលុប​ MOU ឆ្នាំ​២០០០ ដោយ​ហេតុផល​ណាមួយ​គឺ​មិន​ត្រឹម​តែ​រំលោភ​ច្បាប់​អន្តរជាតិ​​និង​គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែ​ប្រែ ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​ជា​ឧបសគ្គ​ដល់​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​សន្ដិវិធី និង​មិន​អាច​ឈាន​ទៅ​កសាង​ព្រំដែន​មួយ​ដែល​មាន​ស្ថិរភាព សន្ដិភាព និង​អភិវឌ្ឍន៍​បាន​ឡើយ​។

គូសបញ្ជាក់ថា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ប្រធាន​គណៈកម្មាធិការ​ពិសេស​ព្រឹទ្ធសភា​ថៃ លោក Noppadon Inha បាន​ប្រកាស​ពី​ការ​ស្នើ​លុប​ចោល​អនុស្សារណៈ​យោគ​យល់​គ្នា​ឆ្នាំ​២០០០ ជាមួយ​កម្ពុជា​ដោយ​ថា​អាច​ធ្វើ​ទៅ​បាន​ព្រោះ​កម្ពុជា​បាន​បំពាន​ដែន​អធិបតេយ្យ និង​ជីវិត​ជន​ស៊ីវិល​ថៃ​។

​គួរឱ្យ​ដឹង​ថា​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ការ​វាស់វែង​ និង​ខណ្ឌ​សីមា​ព្រំដែន​គោល​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រាជរដ្ឋាភិបាល​ថៃ​ (ហៅកាត់​ថា​MOU ឆ្នាំ​២០០០) ត្រូវ​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០០០ ដោយ​ភាគី​កម្ពុជា​តំណាង​ដោយ​ទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​​លោក វ៉ា គឹមហុង ហើយ​ប្រទេស​ថៃ​តំណាង​ដោយ​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក សុមបាន ប៉ារីប៉ាត្រា៕