គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាបានកើន ៥.៩% បើទោះបីជាប្រឈមនឹងភាព មិនច្បាស់លាស់ពីកត្តាខាងក្រៅខ្លាំងក៏ដោយ។ កំណើននេះត្រូវបានគាំទ្រដោយការកើនឡើង នៃវិស័យកម្មន្តសាល ទេសចរណ៍ និងកសិកម្ម ខណៈវិស័យសំណង់និងអចលនទ្រព្យបន្តមាន ភាពទន់ខ្សោយ។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ។

របាយការណ៍ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា វិស័យកម្មន្តសាលបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយមានកំណើន ៩,៥%។ ចំណែកអនុវិស័យកម្មន្ត សាលកាត់ដេរត្រូវបានប៉ាន់ស្មានថាកើនឡើង ១០,៤% ស្របពេលដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរកើនឡើង ៨,៥%។
ធនាគារជាតិ បានគូសរំលេចថា ការនាំចេញផលិតផលកម្មន្តសាល បានកើនឡើងគួរឱ្យកត់សម្គាល់ ១៥,៣% (គិតជាតម្លៃ) នាឆមាសទី១ ឆ្នាំ២០២៥ ធៀបនឹងគ្រាដូចគ្នា ឆ្នាំមុន (៨.៧%) ដោយសារការសម្រុកនាំចេញយ៉ាងគំហុកមុនពេលពន្ធគយបដិការត្រូវបានអនុវត្ត។ កំណើននេះគាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងផលិតផលដែលកំពុងលេចឡើងដូចជា សំបកកង់រថយន្ត អំពូលភ្លើង និងខ្សែភ្លើង និងបង្គុំខ្សែភ្លើង។

ចំណែកឯវិស័យទេសចរណ៍បន្តមានកំណើនដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃភ្ញៀវអន្តរជាតិនិងទេសចរក្នុងស្រុក។ កំណើននេះ ត្រូវបានគាំទ្រដោយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនិងការតភ្ជាប់ជើងហោះហើរត្រង់ជាមួយបណ្តាប្រទេសនានាក៏ដូចជាការរៀបចំព្រឹត្តិការណ៍ផ្សេងៗ។ ភ្ញៀវទេសចរអន្តរជាតិបានកើន៦,២% ដល់៣,៤លាននាក់។ រីឯវិស័យកសិកម្មបន្តទទួលបានកំណើន១,២% ដែលគាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល។ វិស័យសំណង់នៅតែបន្តមានកំណើនទាប ០,៧% ដែលគាំទ្រដោយសកម្មភាពសាងសង់សំណង់ឧស្សាហកម្ម និងសំណង់ឯកជន ខណៈសំណង់សាធារណៈមានកំណើនយឺត។
សម្រាប់ទស្សនវិស័យឆមាសទី២ ឆ្នាំ២០២៥បែបណា?
ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ទស្សនវិស័យឆមាសទី២ ឆ្នាំ២០២៥ ពិភពលោកបន្តប្រឈមនឹងភាពមិនច្បាស់លាស់កាន់តែខ្លាំង ដោយសារការកើនឡើងជម្លោះ ប្រដាប់អាវុធនៅតាមតំបន់នានា បន្ថែមលើនិន្នាការគាំពារនិយម និងហានិភ័យនៃការប្រែប្រួល អាកាសធាតុ គួបផ្សំនឹងបញ្ហាដក់សល់ពីវិបត្តិកូវីដ-១៩ ជាពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍ។
កត្តាទាំងនេះអាចនាំឱ្យសេដ្ឋកិច្ចពិភពលោកថយចុះជាងការរំពឹងទុក និងដាក់សម្ពាធលើទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាបង្កើនហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុ។ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករបន្ទាបអត្រាកំណើនសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២៥ មកត្រឹម ២,៨% (៣,៣% នៅឆ្នាំ២០២៤) មុនពេលងើបឡើងវិញបន្តិចដល់ ៣% ក្នុងឆ្នាំ២០២៦ ដោយបានរួមបញ្ចូលផលប៉ះពាល់មួយចំនួនពីការអនុវត្តគោលនយោបាយពន្ធគយបដិការ។ សេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ត្រូវបានប៉ាន់ស្មានថាមានកំណើនទាប ត្រឹម ១,៤% ដែលក្នុងនោះ សហរដ្ឋអាមេរិក ១,៨% តំបន់អឺរ៉ូ ០,៨% និងបណ្តាប្រទេសអភិវឌ្ឍន៍ ផ្សេងទៀត ១,៨%។ ប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍអាចនឹងថយល្បឿនកំណើនមកត្រឹម ៣,៧% ក្នុងនោះ ចិន ៤% ឥណ្ឌា ៦,២% រុស្ស៊ី ១,៥% និងតំបន់អាស៊ាន ៤,១%។

ស្ថិតក្នុងបរិការណ៍នេះ សេដ្ឋកិច្ចកម្ពុជាអាចបន្តប្រឈមនឹងហានិភ័យពីខាងក្រៅកាន់តែខ្លាំង នាឆមាសទី២ ឆ្នាំ២០២៥។ ទន្ទឹមនេះ ហានិភ័យខាងក្នុងលើសេដ្ឋកិច្ចកម្ពុជា រួមមាន ឥទ្ធិពលនៃការអនុវត្តពន្ធគយបដិការរបស់សហរដ្ឋអាមេរិក លើការនាំចេញទំនិញរបស់កម្ពុជា ,ផលប៉ះពាល់ ពីជម្លោះព្រំដែនកម្ពុជា-ថៃ ,ភាពទន់ខ្សោយនៃវិស័យសំណង់និងអចលនទ្រព្យ, ការពឹងផ្អែកខ្លាំង នៃវិស័យកសិកម្មទៅលើអាកាសធាតុ ,កំណើនយឺតនៃឥណទាន និងការកើនឡើងឥណទាន មិនដំណើរការ , ពិពិធកម្មសេដ្ឋកិច្ចនៅមានកម្រិត និង , កម្រិតខ្ពស់នៃដុល្លារូបនីយកម្ម ដែលដាក់កំហិតលើការអនុវត្តនយោបាយរូបិយវត្ថុ៕


