ស្ថាប័នកម្ពុជា ជួបពិភាក្សាគ្នាជាមួយសមាគមធុរកិច្ចជប៉ុន ដើម្បីជំរុញការវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមធុរកិច្ចជប៉ុនប្រចាំនៅប្រទេសកម្ពុជា (JBAC) បានបើកិច្ចប្រជុំរួមគា្ន ដើម្បីស្តាប់នូវមតិយោបល់ថ្មីៗរបស់ផ្នែកឯកជន និងពិនិត្យលើការគាំទ្រផ្សេងៗ និងជំរុញការបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ បានរៀបចំឡើងនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោក Akira Yoshimoto ប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC) ដោយមានការចូលរួមពីអ្នកតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាជាច្រើនរូបផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីស្តាប់នូវមតិយោបល់ថ្មីៗរបស់ផ្នែកឯកជន និងពិនិត្យលើការគាំទ្រផ្សេងៗសំដៅបន្តលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ក្រុមហ៊ុនដែលបានបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ វត្តមានរបស់ លោកប្រធានសមាគម តំណាងក្រសួង-ស្ថាប័ន សមាគម និងវិស័យឯកជនជប៉ុនដែលបានអញ្ជើញចូលរួមយ៉ាងកុះករនាឱកាសនេះ និងបានថ្លែងអំណរគុណជូនចំពោះវិនិយោគិនជប៉ុនទាំងអស់ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកប្រធានសមាគម បានសម្តែងនូវការថ្លែងអំណរគុណជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែទទួលស្តាប់នូវការលើកឡើងរបស់ផ្នែកឯកជន និងផ្តល់ការគាំទ្ររហូតមក។ សមាគមជប៉ុនបានបញ្ជាក់ផងដែរថា តាមរយៈ ការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលតាមរយៈយន្តការផ្សេងៗ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់កម្រិត បានធ្វើឱ្យសមាជិករបស់ខ្លួនកាន់តែមានសុទិដ្ឋិនិយមខ្ពស់ និងទំនុកចិត្តជាមួយនឹងការបណ្តាក់ទុនវិនិយោគរបស់ខ្លួននៅកម្ពុជា។

សូមជម្រាបដែរថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ១៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៨២ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគទាំង ១៤៦នេះ មាន គម្រោងចំនួន ៩៥ ត្រូវបានចុះបញ្ជីដោយ ក.អ.ក. (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦០គម្រោង និងក្នុង តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥គម្រោង) និងគម្រោងចំនួន ៥១ ត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ.៕ អត្ថបទ៖ហ្សាលីន