អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានបដិសេធ និងច្រានចោលចំពោះអនុសាសន៍របស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃឱ្យលុប MOU ឆ្នាំ២០០០ ជាមួយកម្ពុជា។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាចាត់ទុកថាការលុប MOU ដោយភាគីតែម្ខាងនេះគឺគ្មានមូលដ្ឋានត្រឹមត្រូវ ផ្ទុយច្បាប់អន្តរជាតិក្នុងចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មការ JBC នៃប្រទេសទាំងពីរកន្លងមក។

ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នាលើការបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ MOU 2000 ត្រូវបានកម្ពុជា និងថៃចុះហត្ថលេខា ព្រមទាំងយកទៅតម្កល់នៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិរួចរាល់ ដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ និងជាកិច្ចព្រមព្រៀងដ៏មានសារសំខាន់សម្រាប់ដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី។ ថៃមិនអាចយកហេតុផលនិងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយដើម្បីលុប MOU នេះទេ។
សេចក្ដីប្រកាសនោះបានបញ្ជាក់ថា តាមគោលការណ៍ច្បាប់អន្តរជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃមិនអាចលើកយកហេតុផលច្បាប់ និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយ(យោងតាមមាត្រា៦២ ចំណុចទី២ នៃអនុសញ្ញាទីក្រុងវ្យ៉ែន ស្ដីពីច្បាប់សន្ធិសញ្ញា VCLT ឆ្នាំ១៩៦៩។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថែមទៀតថា ការលុប MOU ឆ្នាំ២០០០ ដោយហេតុផលណាមួយគឺមិនត្រឹមតែរំលោភច្បាប់អន្តរជាតិនិងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ ប៉ុណ្ណោះទេ ថែមទាំងបង្កជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្ដិវិធី និងមិនអាចឈានទៅកសាងព្រំដែនមួយដែលមានស្ថិរភាព សន្ដិភាព និងអភិវឌ្ឍន៍បានឡើយ។
គូសបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមីនា ប្រធានគណៈកម្មាធិការពិសេសព្រឹទ្ធសភាថៃ លោក Noppadon Inha បានប្រកាសពីការស្នើលុបចោលអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ ជាមួយកម្ពុជាដោយថាអាចធ្វើទៅបានព្រោះកម្ពុជាបានបំពានដែនអធិបតេយ្យ និងជីវិតជនស៊ីវិលថៃ។
គួរឱ្យដឹងថាអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោលរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ (ហៅកាត់ថាMOU ឆ្នាំ២០០០) ត្រូវបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ដោយភាគីកម្ពុជាតំណាងដោយទីប្រឹក្សារាជរដ្ឋាភិបាលទទួលបន្ទុកកិច្ចការព្រំដែនលោក វ៉ា គឹមហុង ហើយប្រទេសថៃតំណាងដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក សុមបាន ប៉ារីប៉ាត្រា៕




