អំពើពុករលួយ ធ្វើឱ្យថៃបាត់បង់ថវិកាជាតិប្រមាណ ១៤​ពាន់​ដុល្លារក្នុងមួយឆ្នាំៗ

អន្តរជាតិ

ប្រទេសថៃកំពុងប្រឈមនឹងការបាត់បង់ថវិកាជាតិយ៉ាងសន្ធឹកសន្ធាប់ ដែលគេប៉ាន់ប្រមាណថាមានចំនួនរហូតដល់ ៥០០​ពាន់​លាន​បាត (ប្រហែល ១៤​ពាន់​ដុល្លារអាមេរិក) ក្នុងមួយឆ្នាំៗ។ នេះបើយោងតាមការចុះ​ផ្សាយ​ពី​ The Nation កាល​ពី​ថ្ងៃទី​២៥​មីនា​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ប្រភព​​ពីអង្គភាព​ប្រឆាំងអំពើពុករលួយថៃ (ACT)បានឱ្យដឹងថា អំពើពុករលួយក្នុងវិស័យសាធារណៈកំពុងចាក់ឫសយ៉ាងជ្រៅតាមរយៈរូបភាពសំខាន់ៗចំនួនបី ទីមួយគឺ ការកេងប្រវ័ញ្ចថវិការដ្ឋ តាមរយៈការស៊ីសំណូកក្នុងគម្រោងលទ្ធកម្ម និងការប្រើប្រាស់ធនធានរដ្ឋខុសគោលដៅ ទីពីរគឺ ការកេងប្រវ័ញ្ចលើប្រជាពលរដ្ឋ តាមរយៈការសូកប៉ាន់ និងការគាបស៊ី និងទីបីគឺ ការទិញដូរសែ​ស្រឡាយ ដើម្បីទទួលបានតំណែងក្នុងជួររដ្ឋាភិបាល។

អង្គភាព ACT បានបន្ថែមថា ការខាតបង់នេះមិនមែនមានត្រឹមតែរឿងទឹកប្រាក់នោះទេ ប៉ុន្តែវាបានធ្វើ​ឲ្យ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងបំផ្លាញការប្រកួតប្រជែងអាជីវកម្មដោយស្មើភាព។

អ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ អំពើពុករលួយដែលចាក់ស្រេះ​បែបនេះ បានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាជនថៃទាំងមូល ព្រោះវាធ្វើ​ឲ្យ​ការប្រើប្រាស់លុយពន្ធរបស់ពលរដ្ឋគ្មានប្រសិទ្ធភាព សេវាសាធារណៈធ្លាក់ចុះដុនដាប និងធ្វើ​ឲ្យបាត់បង់ជំនឿចិត្តទាំងស្រុងមកលើស្ថាប័នរដ្ឋ៕