ប្រទេសថៃកំពុងប្រឈមនឹងការបាត់បង់ថវិកាជាតិយ៉ាងសន្ធឹកសន្ធាប់ ដែលគេប៉ាន់ប្រមាណថាមានចំនួនរហូតដល់ ៥០០ពាន់លានបាត (ប្រហែល ១៤ពាន់ដុល្លារអាមេរិក) ក្នុងមួយឆ្នាំៗ។ នេះបើយោងតាមការចុះផ្សាយពី The Nation កាលពីថ្ងៃទី២៥មីនានេះ។

ប្រភពពីអង្គភាពប្រឆាំងអំពើពុករលួយថៃ (ACT)បានឱ្យដឹងថា អំពើពុករលួយក្នុងវិស័យសាធារណៈកំពុងចាក់ឫសយ៉ាងជ្រៅតាមរយៈរូបភាពសំខាន់ៗចំនួនបី ទីមួយគឺ ការកេងប្រវ័ញ្ចថវិការដ្ឋ តាមរយៈការស៊ីសំណូកក្នុងគម្រោងលទ្ធកម្ម និងការប្រើប្រាស់ធនធានរដ្ឋខុសគោលដៅ ទីពីរគឺ ការកេងប្រវ័ញ្ចលើប្រជាពលរដ្ឋ តាមរយៈការសូកប៉ាន់ និងការគាបស៊ី និងទីបីគឺ ការទិញដូរសែស្រឡាយ ដើម្បីទទួលបានតំណែងក្នុងជួររដ្ឋាភិបាល។
អង្គភាព ACT បានបន្ថែមថា ការខាតបង់នេះមិនមែនមានត្រឹមតែរឿងទឹកប្រាក់នោះទេ ប៉ុន្តែវាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងបំផ្លាញការប្រកួតប្រជែងអាជីវកម្មដោយស្មើភាព។
អ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ អំពើពុករលួយដែលចាក់ស្រេះបែបនេះ បានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាជនថៃទាំងមូល ព្រោះវាធ្វើឲ្យការប្រើប្រាស់លុយពន្ធរបស់ពលរដ្ឋគ្មានប្រសិទ្ធភាព សេវាសាធារណៈធ្លាក់ចុះដុនដាប និងធ្វើឲ្យបាត់បង់ជំនឿចិត្តទាំងស្រុងមកលើស្ថាប័នរដ្ឋ៕



