តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង ទទួលបានចំណូលសរុប ៤១,២លានដុល្លារ ក្នុងឆ្នាំ២០២៥

ជុំវិញ​ឧកញ៉ា

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) របស់អ្នកឧកញ៉ា គិត ម៉េង នៅតែបន្តបង្ហាញពីដំណើរប្រតិបត្តិការដ៏រឹងមាំ និងការអភិវឌ្ឍដ៏មានស្ថិរភាព ដែលពង្រឹងចំណាត់ថ្នាក់របស់ខ្លួន ជាតំបន់ឧស្សាហកម្មឈានមុខគេមួយរបស់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន RGPPSEZ កាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅឆ្នាំ២០២៥ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍ RGPPSEZ បានសម្រេចលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងពីប្រសិទ្ធភាពប្រតិបត្តិការ និងភាពធន់របស់ខ្លួន នៅក្នុងបរិយាកាសសេដ្ឋកិច្ច ដែលមានការប្រែប្រួលជាប្រចាំ។ ក្រុមហ៊ុនបានកត់ត្រាចំណូលសរុបចំនួនទឹកប្រាក់ ៤១,២ លានដុល្លារអាមេរិក និងប្រាក់ចំណេញសុទ្ធចំនួន ៨,១លានដុល្លារអាមេរិក ដែលស្មើនឹងអត្រា ផលចំណេញសុទ្ធ១៩,៧% ដ៏ល្អប្រសើរ។

សកម្មភាពពាណិជ្ជកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក៏បានបញ្ជាក់ពីកំណើនគួរឱ្យចាប់អារម្មណ៍ផងដែរ ដែលបង្ហាញពីការកើនឡើងនៃទំនុកចិត្តរបស់វិនិយោគិន និងការពង្រីកប្រតិបត្តិការឧស្សាហកម្ម។ ជាក់ស្ដែង តម្លៃនាំចេញបានកើនឡើងគួរឱ្យកត់សម្គាល់ ពីចំនួនទឹកប្រាក់ ២៨៥,៨៧លានដុល្លារអាមេរិក ក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥ ដល់ទៅ ៣២៥,៣៦លានដុល្លារអាមេរិក ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០២៦ ដែលជាការកើនឡើង១៣,៨%។ និន្នាការកើនឡើងនេះឆ្លុះបញ្ចាំងពីការពង្រីកសមត្ថភាពផលិតកម្មជាបន្តបន្ទាប់ និងការពង្រឹងសកម្មភាពខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់។

RGPPSEZ នៅតែជាអ្នករួមចំណែកដ៏សំខាន់មួយ ចំពោះការបង្កើតឱកាសការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសនេះ ផ្ដល់ឱកាសការងារដល់កម្មករ កម្មការិនីចំនួន ៥៥ ៩៣៥នាក់ ដែលគាំទ្រដល់ជីវភាពរស់នៅ និងរួមចំណែកដល់ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ៕