ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងមិនបញ្ជាឲ្យមានការវាយប្រហារណាមួយលើរោងចក្រថាមពលរបស់អ៊ិរ៉ង់ សម្រាប់រយៈពេល ១០ថ្ងៃទៀត ដោយសង្កត់ធ្ងន់ថា ការចរចាដើម្បីបញ្ចប់ជម្លោះកំពុងដំណើរទៅដោយរលូន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន កាលពីថ្ងៃទី២៦ ខែមីនាថា៖”តាមសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ខ្ញុំនឹងពន្យារពេលផែនការបំផ្លាញរោងចក្រថាមពលរបស់ពួកគេរយៈពេល ១០ ថ្ងៃ រហូតដល់ម៉ោង ៨យប់ ថ្ងៃទី៦ ខែមេសា។ទោះបីជាមានព័ត៌មានមិនពិតពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក៏ដោយ ការចរចាកំពុងដំណើរការទៅដោយរលូន”។
ទន្ទឹមនឹងនេះ កាសែត Wall Street Journal បានដកស្រង់សម្តីអ្នកសម្របសម្រួលថា អ៊ីរ៉ង់មិនបានស្នើមិនឲ្យវាយប្រហារលើរោងចក្រថាមពលរបស់ខ្លួននោះទេ ហើយក៏មិនទាន់បានផ្តល់ការឆ្លើយតបចុងក្រោយចំពោះផែនការដែលស្នើឡើងដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់ជម្លោះផងដែរ។
យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមុននេះ នៅសេតវិមាន លោក ត្រាំ បានបន្តគំរាមបង្កើនសម្ពាធលើអ៊ីរ៉ង់ ប្រសិនបើពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ខណៈដែលបេសកជនពិសេស លោក Steve Witkoff បាននិយាយថា មានសញ្ញារឹងមាំដែលបង្ហាញថា ទីក្រុងតេអេរ៉ង់ ត្រៀមខ្លួនរួចជាស្រេចដើម្បីចរចា។
ជម្រាបជូនថា នៅថ្ងៃទី២១ ខែមីនា ប្រធានាធិបតីលោក ត្រាំ បានចេញឱសានវាទដោយទាមទារឲ្យទីក្រុងតេអេរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេល ៤៨ម៉ោង បើមិនដូច្នេះទេសហរដ្ឋអាមេរិក នឹងវាយប្រហាររោងចក្រថាមពលអ៊ីរ៉ង់៕

