រុស្ស៊ី នឹងហាមឃាត់ការនាំចេញប្រេងសាំងទាំងស្រុង រហូតដល់ខែកក្កដា

អន្តរជាតិ

ប្រទេសរុស្ស៊ី កាលពីពេលថ្មីៗនេះ បានប្រកាសហាមឃាត់ការនាំចេញប្រេងសាំងទាំងស្រុង ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ខែកក្កដា ដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TASS។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានណែនាំក្រសួងថាមពលឲ្យរៀបចំសេចក្តីសម្រេចដើម្បីហាមឃាត់ការនាំចេញប្រេងសាំងចាប់ពីថ្ងៃទី១ ខែមេសា។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំស្តីពីស្ថានភាពទីផ្សារប្រេងរបស់ប្រទេស ដោយការហាមឃាត់នេះនឹងនៅតែមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែកក្កដា។

មិនតែប៉ុណ្ណោះ លោក Novak បានថ្លែងថា ការវិវត្តនៅក្នុងទីផ្សារថាមពលសកលដោយសារតែជម្លោះនៅមជ្ឈិមបូព៌ាកំពុងបណ្តាលឲ្យមានការប្រែប្រួលតម្លៃគួរឲ្យកត់សម្គាល់ ខណៈគោលដៅធំនៃការសម្រេចចិត្តនេះ គឺដើម្បីធ្វើឲ្យតម្លៃមានស្ថេរភាព និងផ្តល់អាទិភាពដល់ការធានាការផ្គត់ផ្គង់ក្នុងស្រុក។

ជម្រាបជូនថា ជម្លោះនៅមជ្ឈិមបូព៌ាបានធ្វើឲ្យលំហូរថាមពលឆ្លងកាត់ច្រកសមុទ្រ Hormuz ស្ទើរតែជាប់គាំងអស់រយៈពេលជិតមួយខែ។ នេះគឺជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ២០% របស់ពិភពលោក៕​