ប្រទេសអេស្ប៉ាញ បានសម្រេចបិទដែនអាកាសរបស់ខ្លួន សម្រាប់យន្តហោះទាំងឡាយណាដែលពាក់ព័ន្ធនឹងសង្រ្គាមរវាងអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT កាលពីថ្ងៃទី៣០ ខែមីនា។

រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បានលើកឡើងថា យន្តហោះ ដែលចូលរួមក្នុងប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ នឹងមិនត្រូវបានអនុញ្ញាតឱ្យហោះហើរក្នុងដែនអាកាសអេស្ប៉ាញឡើយ រួមទាំងយន្តហោះចម្បាំងអាមេរិក ដែលបោះជើងក្នុងប្រទេសសមាជិក NATO ផ្សេងទៀត ដូចជាអង់គ្លេស ឬបារាំងជាដើម។ ទីក្រុងម៉ាឌ្រីដ ក៏បានហាមឃាត់ការប្រើប្រាស់មូលដ្ឋានទ័ពរួមគ្នានៅប្រទេសអេស្ប៉ាញ សម្រាប់បេសកកម្មវាយប្រហារនៅអ៊ីរ៉ង់ដែរ។
លោកស្រី Robles បានបញ្ជាក់ថា ប្រទេសអេស្ប៉ាញនឹងមិនចូលរួម ឬរួមចំណែកក្នុងសង្រ្គាម ដែលត្រូវបានចាប់ផ្តើមឡើងជាឯកតោភាគី និងផ្ទុយនឹងច្បាប់អន្តរជាតិឡើយ។ ការលើកឡើងនេះ គឺស្របទៅនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ដែលបានហៅយុទ្ធនាការរបស់អាមេរិក-អ៊ីស្រាអែលថាជា «សង្រ្គាមខុសច្បាប់ ខ្វះការប្រុងប្រៀប និងអយុត្តិធម៌»។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ យន្តហោះចាក់ប្រេងប្រភេទ KC-135 របស់អាមេរិកប្រហែល ១៥គ្រឿង ត្រូវបានផ្លាស់ប្តូរទីតាំងទៅកាន់មូលដ្ឋានទ័ពក្នុងប្រទេសបារាំង និងអាល្លឺម៉ង់។ ខណៈដែនអាកាសរបស់អេស្ប៉ាញបានបិទ យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយប្រភេទ B-52 និង B-1 ដែលប្រតិបត្តិការចេញពីមូលដ្ឋានទ័ពអាកាស Fairford របស់អង់គ្លេស ឥឡូវនេះត្រូវហោះហើរក្នុងផ្លូវដែលឆ្ងាយជាងមុន ដែលធ្វើឱ្យប្រសិទ្ធភាពនៃប្រតិបត្តិការធ្លាក់ចុះ និងបង្ខំឱ្យមានការរៀបចំតុល្យភាពឡើងវិញរវាងការផ្ទុកប្រេង និងទម្ងន់អាវុធ។
កាសែត El Pais ដែលបានរាយការណ៍រឿងនេះមុនគេ បានសរសេរថា ការសម្រេចចិត្តរបស់ទីក្រុងម៉ាឌ្រីដ គឺជាការកាត់ផ្ដាច់ទំនាក់ទំនងជាសាធារណៈដ៏សំខាន់បំផុតជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិច រាប់ចាប់តាំងពីការឈ្លានពានអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៣ មក ដែលកាលនោះអេស្ប៉ាញបានអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់ទឹកដីរបស់ខ្លួន បើទោះបីជាមានការជំទាស់ពីសំណាក់ប្រជាជនក្នុងប្រទេសក៏ដោយ។
គួរបញ្ជាក់ដែរថា ប្រទេសអេស្ប៉ាញស្ថិតក្នុងចំណោមបណ្ដាប្រទេសនៃសហភាពអឺរ៉ុប ដែលបានចេញមុខខ្លាំងជាងគេ ក្នុងការប្រឆាំងនឹងសង្រ្គាមអ៊ីរ៉ង់ ដោយបានសម្រេចដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីប្រទេសអ៊ីស្រាអែល និងកាត់បន្ថយកម្រិតនៃទំនាក់ទំនងការទូត។ លោក Sanchez បានអំពាវនាវដដែលៗ ឱ្យមានការបញ្ឈប់រាល់អរិភាពទាំងឡាយ ដោយកាលពីសប្តាហ៍មុន លោកបានព្រមានថា សង្រ្គាមនេះ អាចនឹងបង្កជាផលវិបាកអាក្រក់ខ្លាំង បើធៀបនឹងយុទ្ធនាការយោធានៅក្នុងប្រទេសអ៊ីរ៉ាក់៕




