ក្រុមហ៊ុន Netflix បានវិនិយោគទឹកប្រាក់ជាង ១៣៥ពាន់លានដុល្លារ លើខ្សែភាពយន្ត និងរឿងភាគទូរទស្សន៍ ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ ដោយបញ្ជាក់ពីភាពលេចធ្លោរបស់ក្រុមហ៊ុនស្ទ្រីមភាពយន្តខ្នាតយក្ស និងតម្រូវខ្ពស់នៃការកម្សាន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងអំឡុងពេលដូចគ្នានោះ Netflix ក៏បានចូលរួមចំណែកជាង ៣២៥ពាន់លានដុល្លារដល់សេដ្ឋកិច្ចពិភពលោក និងបានបង្កើតការងារសរុបជាង ៤២៥,០០០ លើផលិតកម្ម នៅក្នុងវិស័យនេះផងដែរ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Los Gatos រដ្ឋកាលីហ្វ័រញ៉ា គឺជាវេទិកាស្ទ្រីមភាពយន្តធំជាងគេបំផុតមួយរបស់ពិភពលោក ដែលមានសមាជិកបង់ប្រាក់ជាង ៣២៥ លាននាក់ គិតត្រឹមចុងឆ្នាំ២០២៥។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Netflix បានផ្តល់ជូនអាជ្ញាប័ណ្ណភាពយន្ត និងរឿងភាគពីក្រុមហ៊ុនជាង ៣ ០០០ ទូទាំងពិភពលោក និងរួមទាំងក្រុមហ៊ុនចាក់ផ្សាយសាធារណៈផងដែរ។
គួរជម្រាបជូនថា កាលពីខែមុន ប្រធាន និងជាសហស្ថាបនិករបស់ Netflix គឺលោក Reed Hastings បានសម្រេចចិត្តចាកចេញពីក្រុមហ៊ុន នៅពេលដែលក្រុមហ៊ុនកំពុងស្វែងរកមធ្យោបាយថ្មីៗសម្រាប់ការរីកចម្រើនថ្មីៗផ្សេងទៀត ដូចជាហ្គេម និងការកម្សាន្តផ្ទាល់ ចំពេលចំនួនអ្នកបង់សេវាមើលភាពយន្តហាក់ធ្លាក់ចុះ៕

