ប្រទេសចិន បានសន្យានឹងបន្តសហការយ៉ាងសកម្មជាមួយកម្ពុជា ដើម្បីលុបបំបាត់បទល្មើសអនឡាញឱ្យអស់ពីទឹកដីកម្ពុជា។

នេះជាកាអះអាងជាថ្មីម្តងទៀតរបស់ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
ជាមួយគ្នានេះ ប្រទេសចិនក៏បានប្រកាសអបអរសាទរយ៉ាងពេញទំហឹង ចំពោះច្បាប់ស្ដីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលរដ្ឋសភាកម្ពុជាទើបនឹងអនុម័តផងដែរ។

សូមបញ្ជាក់ថា កម្ពុជាទើបអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នាពេលថ្មីៗនេះ។ ដោយសេចក្តីព្រាងច្បាប់នេះ មាន ៥ជំពូក និង ២៤មាត្រា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈម តាមរយៈការបង្កើតវិធានព្រហ្មទណ្ឌ ដើម្បីបំពេញចន្លោះខ្វះខាតនៃច្បាប់បច្ចុប្បន្ន ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ៕

