ក្រុមហ៊ុន YAZAKI (Cambodia) Products Co., Ltd. ដែលកំពុងតែវិនិយោគស្រាប់នៅខេត្តកោះកុង ប្រទេសកម្ពុជា បានបង្ហើបពីគម្រោងពង្រីករោងចក្រ ដែលនឹងចាប់ផ្ដើមផលិតកម្មនៅកម្ពុជា នាចុងនៅឆ្នាំ២០២៧ខាងមុខនេះ។

នេះបើយោងតាមជំនួបពិភាក្សារវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយប្រតិភូតំណាងក្រុមហ៊ុន YAZAKI (Cambodia) Products Co., Ltd. ដែលដឹកនាំដោយលោក YOSHIMOTO ITO នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសាជីវកម្ម YAZAKI Corporation.នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
លោក ជា វុទ្ធី បានឱ្យដឹងថា ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជម្រាបជូនអំពីវឌ្ឍនភាពអភិវឌ្ឍរបស់ក្រុមហ៊ុននៅខេត្តកោះកុង ក្នុងការផលិតខ្សែភ្លើង និងគ្រឿងបង្គុំសម្រាប់រថយន្ត និងគម្រោងពង្រីករោងចក្របន្ថែម ដែលគ្រោងនឹងចាប់ផ្ដើមផលិតកម្មនៅចុងនៅឆ្នាំ២០២៧ខាងមុខនេះ។

ក្នុងជំនួបពិភាក្សាការងារនេះ លោកអគ្គលេខាធិការ ស្វាគមន៍វត្តមានរបស់ក្រុមហ៊ុននៅកម្ពុជា។លោក បានគាំទ្រយ៉ាងពេញទំហឹងគម្រោងពង្រីកវិនិយោគបន្ថែមរបស់ក្រុមហ៊ុនដែលនឹងអាចបង្តើតការងារជូនបងប្អូនយើងប្រមាណ១០០០នាក់ បន្ថែមការងារដែលមានស្រាប់នៅខេត្តកោះកុងប្រមាណ២០០០នាក់ ដែលនេះបានសបញ្ជាក់អំពីជំនឿទុកចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន មកលើរាជរដ្ឋាភិបាលកម្ពុជា ទោះបីជាស្ថិតក្នុងស្ថានភាពប្រឈមនានានៅក្នុងពិភពលោក និងក្នុងតំបន់ក្តី។
ជាការឆ្លើយតប លោក YOSHIMOTO ITO បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាពិសេសជូនចំពោះលោកអគ្គលេខាធិការ ក៏ដូចជាសហការី ដែលតែងតែគាំទ្រក្នុងរាល់ដំណើរការផលិតកម្មរបស់ក្រុមហ៊ុន នាពេលកន្លងមក និងបានផ្តល់ឱកាសឱ្យក្រុមហ៊ុនមានលទ្ធភាពពង្រីកការវិនិយោគបន្ថែមទៀត នាពេលនេះ។
សូមជម្រាបដែរថា ក្រុមហ៊ុន YAZAKI (Cambodia) Products Co., Ltd. បានចាប់ផ្តើមដំណើរការវិនិយោគនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១០ មកម្ល៉េះ។ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងបន្តវឌ្ឍនភាពជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ផងដែរ៕ អត្ថបទ៖ ហ្សាលីន


