ឧកញ៉ា ឡេង សុខគា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ ស្តីពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតសៃហ្គន នៅទីក្រុងហូជីមិញ

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឧកញ៉ា ឡេង សុខគា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងមានការចូលរួមដោយឧកញ៉ា ហេង សំណាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ ស្តីពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតសៃហ្គន នៅទីក្រុងហូជីមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកពិព័រណ៍អន្តរជាតិស្តីពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ នៅទីក្រុងហូជីមិញនេះ មានការចូលរួមពីតំណាងក្រុមហ៊ុន សហគ្រាស សមាគមធុរកិច្ចរបស់វៀតណាម និងធុរជន និងក្រុមហ៊ុនល្បីៗមកពីទូទាំងពិភពលោក។

ProPak វៀតណាម ២០២៦ គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិ ដែលផ្តោតលើឧស្សាហកម្មកែច្នៃ និងវេចខ្ចប់ ដែលមានការវិវត្តយ៉ាងឆាប់រហ័សនៅក្នុងប្រទេសវៀតណាម និងអន្តរជាតិ។ ការតាំងពិព័រណ៍ប្រចាំឆ្នាំនេះ គឺជាវេទិកាសំខាន់សម្រាប់អ្នកផ្តល់បច្ចេកវិទ្យាឈានមុខគេលើវិស័យកែច្នៃ និងវេចខ្ចប់ម្ហូបអាហារ ភេសជ្ជៈ និងឱសថ ក៏ដូចជាដំណោះស្រាយ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដឹកនាំឧស្សាហកម្ម អ្នកជំនាញ និងអ្នកពាក់ព័ន្ធរាប់ពាន់នាក់មកពីទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់។

សូមបញ្ជាក់ថា ក្រៅពីចូលរួមពិព័រណ៍អន្តរជាតិ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំ វេទិកាចែករំលែក និងទស្សនកិច្ចរោងចក្រ សហគ្រាសផលិត និងជំនួបពាណិជ្ជកម្ម និងចាប់ដៃគូជាមួយក្រុមហ៊ុនអន្តរជាតិល្បីៗផងដែរ៕