អ្នកឧកញ៉ា ឧកញ៉ាៗច្រើនរូប ចូលរួមពិធីសូត្រមន្តឧទ្ទិសកុសលវិញ្ញាណក្ខន្ធជូនដល់វីរៈកងទ័ព នៅភូមិគ្រឹះឧកញ៉ា ខេមរៈ សិរីមន្ត

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី០១ ខែមេសានេះ កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត របស់ផលិតកម្ម Galaxy Navatra បាននិមន្តព្រះសង្ឃចំនួន ១០០អង្គ ដើម្បីសូត្រមន្តឧទ្ទិសកុសលវិញ្ញាណក្ខន្ធជូនដល់វីរៈកងទ័ព ដែលពលីជីវិតការពារជាតិមាតុភូមិ អំឡុងពេលសង្គ្រាមរវាងកម្ពុជា-ថៃ ដោយមានវត្តមានអ្នកឧកញ៉ា ឧកញ៉ាៗ ពុទ្ធបរិស័ទ និងបងប្អូនជាពលរដ្ឋជាច្រើនរូប នៅភូមិគ្រឹះរបស់លោកឧកញ៉ាផ្ទាល់ ស្ថិតនៅទល់មុខសួនសុបិន្ត ចំការព្រីង ក្បែរវត្តសំរោងអណ្ដែត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសូត្រមន្តឧទ្ទិសកុសលវិញ្ញាណក្ខន្ធជូនដល់វីរៈកងទ័ព នាព្រឹកថ្ងៃពុធនេះ មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា ឡេង ប្រុស, ឧកញ៉ា ហ៊ួត ជា, ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ព្រមទាំងតារាចម្រៀង និងក្រុមការងាររបស់ផលិតកម្ម Galaxy Navatra ផងដែរ។

លោកឧកញ៉ា ខេមរៈ សិរីមន្ត បានថ្លែងប្រាប់ដល់ Oknha News បែបនេះថា៖ “កម្មវិធីថ្ងៃនេះ គឺជាកម្មវិធីនិមន្តព្រះ​សង្ឃចំនួន ១០០អង្គ និមន្តបិណ្ឌបាតឧទ្ទិសកុសលជូនដល់វីរៈកងទ័ព ដែលបានបូជាពលីចំពោះជាតិមាតុភូមិ​របស់​យើង ជាមួយនឹងការឈ្លានពានរបស់ថៃ មកលើខ្មែរយើង ទាំងលើកទី១ និងលើកទី២ រួមទាំងបុព្វបុរសខ្មែរទាំងអស់​គ្រប់ជំនាន់ដែលបានបូជាពលីការពារទឹកដីខ្មែររបស់យើង។ សូមឧទ្ទិសជូនដល់ពួកគាត់ សូមបានទៅកាន់សុគតិភព និងបានទៅកាន់ឋានសួគ៌”។

កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបញ្ជាក់បន្ថែមថា តាំងពីសង្គ្រាមលើកទី១ លោកពិតជារន្ធត់ចិត្ត មាន​អារម្មណ៍សង្វែក និងស្រណោះស្រណោកដល់វីរៈកងទ័ព ដែលបានពលីខ្លាំងមែនទែន ហើយលោកបានតាំងចិត្ត​ថា នៅពេលស្ថានភាពធូរស្បើយ នឹងរៀបចំពិធីនិមន្តព្រះសង្ឃឧទ្ទិសកុសលវិញ្ញាណក្ខន្ធជូនដល់ពួកគាត់៕