សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ មិត្តភាពកម្ពុជា-ចិន ធន់ និងទុកចិត្តបានគ្រប់កាលៈទេសៈ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ជាចំណងមិត្តភាពដែលធន់ និងអាចជឿទុកចិត្តបាន នៅគ្រប់កាលៈទេសៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចបានលើកឡើងបែបនេះនៅក្នុងជំនួបជាមួយ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ សម្តេចបានរំលឹកពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ (កម្ពុជា-ចិន) ដែលមានតាំងពីយូរលង់ណាស់មកហើយ និងត្រូវបានពង្រឹង និងពង្រីកដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នៅគ្រប់ជំនាន់។ សម្តេចបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីជំនួយគាំទ្រដ៏មានតម្លៃរបស់ប្រទេសចិននោះឡើយ។

នាឱកាសដែរ លោក វ៉ាង វិនពីន ក៏បានថ្លែងថា មិត្តចិននឹងបន្តគាំទ្រដល់បុព្វហេតុអភិវឌ្ឍន៍នៅកម្ពុជា ហើយចំណងមិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលឡើយ និងមិនត្រឹមតែជាពាក្យនិយាយប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញជាលទ្ធផលជាក់ស្តែង។

លោកក៏បានប្រកាសថា ជំនួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជា នឹងបន្តជាបន្តបន្ទាប់ រួមទាំងការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ប្រទេសចិន នឹងជំរុញឱ្យភាគីទាំងពីរ បន្តកិច្ចសន្ទនា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ឆ្ពោះទៅរកភាពប្រក្រតីវិញ និងធានាបាននូវសន្តិភាពយូរអង្វែង។

ជាមួយគ្នានោះ លោក វ៉ាង វិនពីន មានជំនឿមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជា នឹងសម្រេចបានគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដោយសារតែកម្ពុជាមានសក្តានុពល និងប្រជាពលរដ្ឋមានសាមគ្គីភាពយ៉ាងរឹងមាំ។ លោកឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ថា ចិននឹងបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យការពារជាតិកម្ពុជាផងដែរ៕